អាជ្ញាធរខណ្ឌដូនពេញចុះណែនាំម្ចាស់សណ្ឋាគារភ្នំពេញទី១ឱ្យបញ្ឈប់ជាបន្ទាន់ការចែករូបភាពអាសអាភាស​ និងបញ្ឈប់ការធ្វើអាជីវកម្ម

​ភ្នំពេញ​  ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យអាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​បិទ​ទីតាំង​ម៉ាស្សា ​«ភ្នំពេញ​ទីមួយ​» និង​តាម​ស្វែងរក​ចាប់ខ្លួន​ក្រុម​ដែល​ចែក​ខិត្តប័ណ្ណ​មាន​រូប​ស្រើប​ស្រាល ដើម្បី​ធ្វើការ​សាកសួរ​​ កាលពីថ្ងៃទី​១៧ ​ខែសីហា ​ឆ្នាំ​២០១៨​។ ការដាក់​បទបញ្ជា​នេះ គឺធ្វើឡើង​ក្រោយពី​មានការ​រិះគន់​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​ថ្មីៗ​នេះ​។



​នៅព្រឹកថ្ងៃទី១៨ សីហានេះ​ ​លោក ម៉ុ​ក​ ​ច័ន្ទករុណា​ អភិបាលរងខណ្ឌដូនពេញ​​ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ​ ចុះដល់ទីតាំងសណ្ឋាគារភ្នំពេញទី១​ ដែលទើបនឹងសាងសង់រួចរាល់​ ស្ថិតនៅទល់មុខ​សណ្ឋាគារ​កាំបូឌី​យ៉ា​ ​ផ្លូវព្រះស៊ីសុវត្ថិ​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​​។ 

​លោក ម៉ុក​​ ច័ន្ទករុណា​ អភិបាលរងខណ្ឌដូនពេញបាននិយាយថា«គណបញ្ជាការឯកភាពខណ្ឌ​ បានចុះណែនាំម្ចាស់ទីតាំងឱ្យបញ្ឈប់ជាបន្ទាន់ពីការចែករូបភាពអាសអាភាស​ ដែលនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងបញ្ឈប់ការធ្វើអាជីវកម្មទៅលើទីតាំងខាងលើ​ រង់ចាំមានច្បាប់អនុញ្ញាតជាមុនសិន​ ទើបសម្រេចជាក្រោយ»។ 

​គួររំលឹកថា ខិត្តប័ណ្ណ​រូប​ស្រី​ចិន​ស្លៀក​ស៊ិ​ច​ស៊ី​បង្ហាញ​ភាព​ស្រើបស្រាល និង​រូប​បុរស​ចិន​ស្រាត​ននល​គោក​ជាច្រើន​សន្លឹក ត្រូវបាន​ដើរចេញ​នៅតាម​តំបន់​សំខាន់​មួយចំនួន នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​ទីសាធារណៈ​ផ្សេងៗ​មួយចំនួនទៀត ដែល​ធ្វើ​ឱ្យប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​ក្នុងខិត្តប័ណ្ណ​បែបនេះ គឺ​នាពេល​កន្លងមក​ត្រូវបាន​ដើរ​ចែក​យ៉ាង​អនាធិបតេយ្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​ទេ​ចរណ៍​មួយ​សម្បូរ​ទៅដោយ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ជាពិសេស​ជនជាតិ​ចិន​ច្រើនជាងគេ​។ ប៉ុន្តែ​ករណីនេះ ត្រូវបាន​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​ក្រុម​អ្នកដើរ​ចែក និង​ឈានទៅដល់​ការបង្ក្រាប​អ្នកប្រព្រឹត្ត​ថែមទៀត​ផង​។​

​បើតាម​ខិត្តប័ណ្ណ​ដែល​ទទួលបាន គឺ​នៅក្នុង​ខិត្តប័ណ្ណ​នោះ​មាន​ផ្ទៃ​ពណ៌​ផ្កាឈូក មាន​សរសេរ​អក្សរ​ខ្មែរ “​ភ្នំពេញ​ទីមួយ​” និង​មាន​សរសេរ​អក្សរ​ចិន និង​អង់គ្លេស (Health massage) អម​ជាមួយ និង​ថែមទាំង​មាន​ដាក់​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ថែម​ទៀតផង​។ ​ជាពិសេស​គឺ​បានដាក់​រូប​ស្រី​ចិន​ស្លៀកពាក់​ស៊ិ​ច​ស៊ី​លេច​លើ​លេច​ក្រោម ដែល​បង្ហាញ​ពី​ភាព​ស្រើបស្រាល​។ ប៉ុន្តែ​អ្វីដែល​គួរ​ឱ្យចាប់អារម្មណ៍​នោះ គឹ​នៅក្នុង​ខិត្តប័ណ្ណ​នោះ ក៏មាន​ដាក់​រូប​បុរស​ចិន​ស្រាត​ននល​គោក បម្រើសេវា​ម៉ាស្សា​ផងដែរ​។​

​​បើតាម​ស្ត្រី​អ្នកបកប្រែ​នៅ​ហាង ភ្នំពេញ​ទីមួយ បាន​ថ្លែង​ថា ខិត្តប័ណ្ណ​នេះ ចែក​ផ្សព្វផ្សាយ​អំពី​ការ​ម៉ាស្សា​សម្រាប់ ដោយ​ក្នុងតម្លៃ ៧៥​នាទី ថ្លៃ​១៨០​ដុល្លារ​។ ហើយ​ហាង​ភ្នំពេញ​ទីមួយ នឹង​បើក​ដំណើរ​ការ​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ខាងមុខនេះ៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab