រថយន្ត​ LEXUS RX300​ បើកវ៉ាជែងក្នុងល្បឿនលឿន បានរេចង្កូតទៅបុកទ្រូងផ្លូវពេញទំហឹង​ នៅមុខព្រលានយន្តហោះ

​ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត LEXUS RX300 មួយគ្រឿង បើកបរដោយបុរសជនជាតិចិន​ម្នាក់ ទាំងស្រវឹងស្រាធ្លាក់ភ្នែក ក្នុងល្បឿនយ៉ាងលឿន បានគេចរថយន្តមួយគ្រឿងទៀត ក៏ជ្រុលចង្តូតទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ និង​ហូរហៀរ​ប្រេងពេញផ្លូវ និងបាក់របាំងថ្មអស់១កង់ ចំណែកឯអ្នកបើកបរបានរងរបួសត្រឹមចំ​ជង្គង់​ធ្ងន់ ដើរទៅណាមិនរួចទើបអង្គុយ​​នៅលើរថយន្តតែម្ដង។ 

​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃច័ន្ទ​ ទី២០ ខែសីហា ឆ្នាំ២០១៨នេះ ត្រង់ចំណុចមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តាមបណ្ដោយ​ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ​​ រាជធានីភ្នំពេញ​។  

​សាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឱ្យ ដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿង ម៉ាក LEXUS RX300 ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ​ AQ-0850 បើកបរដោយបុរស​ជនជាតិចិន មិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន​។ 

​លុះមកដល់ចំណុចកើតហេតុ​ បានបើកវ៉ារថយន្តមួយគ្រឿងទៀត ក៏ជ្រុលចង្តូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្ដាលឱ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ​ និង​ហូរហៀរ​ប្រេងពេញផ្លូវ និងបាក់ របាំងថ្មអស់១កង់​។ ចំណែកឯបុរសជនជាតិចិនដែលជាអ្នកបើកបរបានរងរបួសចំ​ជង្គង់​ធ្ងន់ បានបើកទ្វារចុះមក​ ក្នុងស្ថានភាពស្រវឹងស្រាផង និងរបួសផង ទើបអង្គុយ​​នៅលើរថយន្តតែម្ដង។ 

​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្ថ​កិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនីតិវិធីផ្លូវច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab