លួចកាបូបបានហើយរត់មិនរួចត្រូវចាប់បាននៅចំណតរថយន្តលើផ្សារអូរឫស្សី

ភ្នំពេញ ៖ បុរសម្នាក់បានលួចទ្រព្យសម្បត្តិនៅផ្ទះជនរងគ្រោះ ពេលលួចកាបូបបានក៏ដើរឡើងទៅលើផ្សារអូរឫស្សី តែអ្នកយាមចំណតរថយន្តឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ដេញចាប់បាន នៅវេលាម៉ោង ៧ និង១០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចចំណតរថយន្ត លើផ្សារអូឫស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា​។ 

សមត្ថកិច្ចនិយាយថា​ ជនសង្ស័យមានឈ្មោះ​ សេង ចិន្តា អាយុ២៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ​ស្នាក់នៅផ្ទះលេខ៣៥អឺ៣​ ផ្លូវ១០៧​ សង្កាត់អូរឫស្សី១​ ខណ្ឌ៧មករា​ ប្រើប្រាស់គ្រឿងញៀនជាប្រចាំ​។ 

​តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងគេឃើញជនសង្ស័យចូលផ្ទះជនងគ្រោះលួចយកកាបូបលុយពីស្ត្រីម្នាក់បានហើយ បានដើរចូលផ្សារអូរឫស្សី​ ហើយក៏ឡើងលើផ្សារ ជាកន្លែងចំណតរថយន្ត អ្នកយាមចំណតឃើញមុខសញ្ញាចាស់ ហើយកាន់កាបូបទៀត ក៏ផ្តល់ព័ត៌មានដល់សមត្ថកិច្ច មកដេញចាប់​។ 

​ប្រភពបន្តថា ពេលចាប់បានជនសង្ស័យ សមត្ថកិច្ចយកទៅប៉ុស្តិ៍ រដ្ឋបាលអូរឫស្សីទី១ ដើម្បីសួរនាំ និងបង្ហាញរូបថត ដែលកាលពីមុនសមត្ថកិច្ចចាប់មកអប់រំម្តងហើយ តែមិនព្រមរៀងចាលសោះ លើកនេះលួចកាបូបគេទៀត។ ក្នុងកាបូបសមត្ថកិច្ចឆែកឃើញមានទូស័ព្ទ១​គ្រឿង អាយផែក១គ្រឿង និងរបស់របរមួយចំនួនរួមទាំងលុយខ្មែរបន្តិចបន្តួច​។ 

​សមត្ថកិច្ចក៏ទាក់ទង់ទៅជនរងគ្រោះ ផល្លី​ គឹមយឿន​ ភេទស្រី​ អាយុ៣២ឆ្នាំស្នាក់នៅផ្ទះលេ១៦៣អឺ២​ ផ្លូវលេខ១០៧​ សង្កាត់អូរឫស្សីទី១​ ខណ្ឌ៧មករាឱ្យ មកដាក់ពាក្យបណ្តឹង ដើម្បីដាក់បន្ទុកលើជនសង្ស័យ​។ 

​សមត្ថកិច្ចបានពិនិត្យទឹកនោមជនសង្ស័យឃើញថា មានសារធាតុញៀនក្នុងខ្លួន​។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាំងត្រូវបាន សមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបញ្ជូនបន្តទៅតាមនិតិវិធីនៃច្បាប់៕


 

adverise with khmeread