Alvaro Morata: ការរកបានគ្រាប់បាល់ឈ្នះក្រុម Arsenal គឺជួយសម្រាលបន្ទុកជាច្រើន

          ខ្សែប្រយុទ្ធ Alvaro Morata បាន​អះអាង​ថា ​បន្ទុកជា​ច្រើនត្រូវបានជម្រុះចោល​និងបានបញ្ចប់​ការខកខានក្នុងការ​រកគ្រាប់បាល់​រយៈ​ពេល​បួន​ខែមកនេះ។Morata រកបាន​គ្រាប់បាល់ដំបូង​នៅ​ក្របខណ្ឌ PL និងបានជួយ​ក្រុម​ Chelsea យក​ឈ្នះ​ក្រុម Arsenal ហើយ​កីឡាករ​រូបនេះ​បាននិយាយ​ថា នេះគឺជា​សញ្ញា​នៃ​ការ​ចាប់ផ្តើម​អាជីពម្តងទៀត​ជាមួយ​ក្លឹប​ Chelsea ។

បន្ទាប់ពី​​ខកចិត្ត​នឹង​រដូវកាល​ដំបូង​របស់ខ្លួន​ Morata ត្រូវបានគេប៉ា​ន់ប្រ​មាណថា អាចនឹង​ចាកចេញ​ពីពហុកីឡាដ្ឋាន Stamford Bridge នៅរដូវក្តៅ ប៉ុន្តែនៅពេលនេះ Morata បានអះអាងថា ខ្លួន​បាន​តាំងទីលំនៅ​ក្នុង​ទីក្រុងឡុងដ៍ និង​បាន​ទិញផ្ទះ​សម្រាប់​ក្រុម​គ្រួសារ​ផងដែរ។

          Morata បាននិយាយថា “​ប្រាកដណាស់ នៅពេល​បាល់ចូល​ទី គ្រប់យ៉ាង​មាន​ការ​ប្រែប្រួល។ ខ្ញុំគ្មាន​អារម្មណ៍​តឹងតែង​ទៀតទេ ហើយ​ខ្ញុំសង្ឃឹមថា នៅ​ពេល​នេះ ខ្ញុំ​អាចរកបាន​គ្រាប់បាល់ច្រើន។ កាល​ពីរដូវកាល​មុនវាមិនមែនជា​ពេលវេលាដ៏ល្អសម្រាប់ខ្ញុំ​ទេ​​។ ខ្ញុំ​ទាត់បាល់​ប៉េណាល់ទី​មិនបាន​សម្រេច​ អំឡុង​ប្រកួត​មិត្ត​ភាព​”។

          Morata បាន​បន្តថា “​ខ្ញុំ​តែងតែមាន​អារម្មណ៍ថា ទទួល​បាន​ការ​គាំទ្រ​និង​ក្តី​ស្រឡាញ់​ពីអ្នក​គាំទ្រ​ Chelsea​ ហើយ​វាសំខាន់​ណាស់​សម្រាប់ខ្ញុំ​ ដែលត្រូវ​បន្ត​ការ​ពារនិង​ប្រយុទ្ធតទៅទៀត។ ខ្ញុំ​នឹង​ខិតខំបន្ត​ទៀត ហើយ​ខ្ញុំ​នឹង​បន្ត​កែលម្អ។ ខ្ញុំគិត​ថា ឆ្នាំ​នេះ​នឹង​ប្រសើរ​ជាងមុន”៕

adverise with khmeread