នារីកូរ៉េខាងត្បូងអាយុ ២០ ឆ្នាំត្រូវបានចាប់ខ្លួនពីបទលួចថតបុរសស្រាត

នារីកូរ៉េមួយរូបត្រូវបានជាប់ពន្ធនាគារសម្រាប់បទឧក្រិដ្ឋលួចផ្តិតរូបភាពបុរសម៉ូដែលស្រាតមួយរូប ដែលស្ថិតនៅក្នុងករណីមួយដែលបានបង្កឱ្យមានភាពចម្រូងចម្រាស់ទ្វេដងនៅក្នុងប្រទេសមួយនេះ។

ប្រព័ន្ធបច្ចេកវិជ្ជាទំនើប​ក្នុងប្រទេសកូរ៉េខាងត្បូងកំពុងនឹងប្រឈមទៅនឹងការរាតត្បាតនៃជំងឺសង្គមមួយដែលគេហៅថា "Molka" ឬកាមេរ៉ាវីដេអូបង្កប់ (Spycam) ដែលភាគច្រើនពាក់ព័ន្ធនឹងមនុស្សប្រុសលួចផ្តិតវីដេអូស្រីៗជាសម្ងាត់នៅក្នុងសាលារៀន ការិយាល័យ ក្នុងរថភ្លើង បង្គន់ បន្ទប់ផ្លាស់សម្លៀកបំពាក់ និងតាមផ្លូវ។

បទឧក្រិដ្ឋបង្កប់កាមេរ៉ាត្រូវបានគេរាយការណ៍ទៅកាន់មន្រ្តីប៉ូលិសបានកើនឡើងពី ១.១០០ករណី ក្នុងឆ្នាំ២០១០ ទៅដល់ជាង ៦.៥០០ករណីកាលពីឆ្នាំមុន ហើយជនល្មើសភាគច្រើនបានចែកចាយ ឬលក់រូបថត និងវីដេអូលើអនឡាញ។

យោងតាមស្ថិតិផ្លូវការ ប្រហែលជា ៩៨ភាគរយនៃជនល្មើសគឺជាបុរស ដែលរួមមានទាំងគ្រូបង្រៀន សាស្រ្តាចារ្យសាកលវិទ្យាល័យ រហូតដល់អាចារ្យសាសនា និងមន្រ្តីប៉ូលិសជាដើម ខណៈដែល ៨០ភាគរយនៃជនរងគ្រោះគឺជាស្រ្តី។

ប៉ុន្តែនៅក្នុងករណីចុងក្រោយដែលជានារីស្ថិតនៅក្នុងវ័យខ្ទង់ ២០ឆ្នាំរបស់នាង​ ដែលជាតារាម៉ូដែលស្រាតមួយរូបដែរនោះ ត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ១០ខែ សម្រាប់បទឧក្រិដ្ឋដែលបានលួចថតតារាម៉ូដែលប្រុសស្រាតនៅឯសាលាសិល្បៈមួយកន្លែងក្នុងទីក្រុងសេអ៊ូល និងបានចែកចាយវានៅលើអ៊ីនធឺណេតកាលពីខែឧសភា។
នាងត្រូវបានចាប់ខ្លួននាប៉ុន្មានថ្ងៃបន្ទាប់ និងចាប់ដាក់ឱ្យដើរនៅចំពោះមុខកាមេរ៉ាទូរទស្សន៍ ខណៈដែលប៉ូលិសបានដើរព័ទ្ធជុំវិញនាងទៅកាន់ផ្ទះរបស់នាងដើម្បីរកភស្តុតាង ដែលមតិទូទៅយល់ថាហួសហេតុពេក។

តម្លៃសិទ្ធិបុរសជាធំគឺនៅតែជ្រួតជ្រាបយ៉ាងជ្រាលជ្រៅនៅក្នុងប្រទេសកូរ៉េខាងត្បូង ទោះបីជាប្រទេសមួយនេះគឺជាប្រទេសរីកចម្រើនខ្លាំងលើសេដ្ឋកិច្ច និងបច្ចេកវិជ្ជាក៏ដោយ។

ទិន្នន័យស្ថិតិបង្ហាញឱ្យឃើញថា មានត្រឹមតែ ៨,៧ភាគរយប៉ុណ្ណោះនៃអ្នកចូលរួមនៅក្នុងសកម្មភាពផ្លូវភេទបច្ចេកវិជ្ជាទំនើប គឺត្រូវបានជាប់គុកនៅលើការផ្តន្ទាទោសលើកដំបូងរបស់ពួកគេ ខណៈដែលភាគច្រើនគឺត្រឹមតែទទួលការពិន័យជាប្រាក់ ឬទទួលបានលក្ខខណ្ឌព្យួរប៉ុណ្ណោះ៕
 

adverise with khmeread