ថ្ងៃប្រឡងទី១សិស្សមានបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន ៣២ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន

        ភ្នំពេញ​ ៖​ យោងរបាយការណ៍របស់ក្រសួងអប់រំនាថ្ងៃប្រឡងទី១បានបញ្ជាក់ថា ដំណើរការសំណេរថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ។ ប៉ុន្តែបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន ៣២ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន។ 

​       ថ្ងៃទី២០សីហានេះ​ នៅតាមមណ្ឌលប្រឡងនីមួយៗ បានដំណើរការដោយភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការមេប្រយោគគ្រប់លំដាប់ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ជាទូទៅបេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ ដោយពុំមាននាំមកជាមួយនៅសំណៅឯកសារ ឬឧបករណ៍ហាមឃាត់ឡើយ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។ 

​        ក្នុងដំណើរការសំណេរនាថ្ងៃទី១នេះ មានបេក្ខជនប្រឡងសរុបចំនួន ១១៥ ២៦៨ នាក់ ស្រី ៥៨ ១៥៨ នាក់ អវត្តមានសរុបចំនួន១ ៧៥២នាក់ ស្រី ៧១០នាក់។ បេក្ខជនប្រព្រឹត្តកំហុសឆ្គង មានចំនួន០៤ករណី ក្នុងនោះករណីដកហូតទូរស័ព្ទដៃទាំង ០៣ករណី និងនាំសំណៅឯកសារចូលចំនួន០១ករណី ។ 

​      ដោយឡែកមានបេក្ខជនមានបញ្ហាសុខភាពធ្ងន់ធ្ងរចំនួន ៣២ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម ករណីបេក្ខជនគ្រោះថ្នាក់ចរាចរណ៍ចំនួន០១ករណី និងមាន ០២ករណី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងពុំអាចត្រឡប់មកបន្តការប្រឡងបាន ។ 

​      បុគ្គលិកអប់រំមានកំហុសឆ្គង០១ករណី (ប្រើទូរស័ព្ទ) ត្រូវបានបញ្ឈប់មិនអនុញ្ញាតឲ្យបន្តការងារ។ មានភ្លៀងធ្លាក់ នៅមណ្ឌលមួយចំនួនស្ថិតនៅខេត្តកោះកុង កែប តាកែវ ក្រចេះ រតនគិរី បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ 

​       ការឆែករកសំណៅឯកសារនៅតែបន្តសម្រាប់រសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ។ សកម្មភាពឆែករកសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទពីបេក្ខជន មុនពេលបេក្ខជនចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ដោយគណៈកម្មការអនុរក្ស និងមានការចូលរួមពីមន្ត្រី អ្នកសង្កេតការណ៍ស្ម័គ្រចិត្តអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជានៅរសៀលថ្ងៃទី០១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២០ សីហា ២០១៨។

​        ករណី​សុខភាពបេក្ខជនប្រឡងនៅតាមមណ្ឌលប្រឡង​នារសៀល​ថ្ងៃ​ទី​០១ មានបញ្ហាសុខភាពអំឡុងពេល ប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ ក្នុងនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល បន្ទាប់ពីបានទទួលជំនួយ សង្គ្រោះបឋម ពីក្រុម គ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើេរសំណេរក្រោយពីបានទទួលការព្យាបាល៕

adverise with khmeread