អាណិតណាស់, ស្ត្រីម្នាក់​ ខំប្រឹងរកស៊ីងើបពីយប់ទិញសាច់ជ្រូកយកមកលក់ តែត្រូវចោរវាយប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ​ ៖ ស្រ្តីម្នាក់ជិះម៉ូតូមកទិញសាច់ជ្រូកដល់ផ្លូវស្ងាត់ ក៏ត្រូវជនសង្ស័យមួយក្រុម ​ដកកាំបិតគំរាមប្លន់យកម៉ូតូបានសម្រេច រួចជិះគេចខ្លួនបាត់ កាលពីវេលា ម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃ ទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ សាលាអន្តរជាតិឃើលមុល​ តាមបណ្តោយផ្លូវ១៩៦២ ភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះឈ្មោះ ស៊ី ណាត ភេទស្រី អាយុ២៥ឆ្នាំ មុរបរលក់សាច់ជ្រូក ស្នាក់ក្នុងបូរីមហាសែនសុខ ភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បាត់បង់ម៉ូតូម៉ាក ស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CC-5026​។ 

​ស្រ្តីរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុ រូប គាត់ជិះម៉ូតូមួយចេញពីផ្ទះ បំណងទៅទិញសាច់ជ្រូកនៅផ្សារដីហុយ ដើម្បីយកទៅលក់បន្ត ដោយធ្វើដំណើរទិសដៅពីលិចទៅកើត​។ 

​លុះមកដល់ចំណុចកើតហេតុ ផ្លូវស្ងាត់ផង ស្រាប់តែលេចមុខជនសង្ស័យមួយក្រុម មានគ្នា៤នាក់ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាក មកពីក្រោយជិះមកអែបធ្វើឱ្យរូបគាត់មានការភ័យខ្លាច ហើយខំព្យាយាមបើកម៉ូតូចូលផ្លូវលំឱ្យគេជួយ តែជនសង្ស័យមានកាន់កាំបិតផងនោះ រូបគាត់បានផ្តួលម៉ូតូចោល រត់ចេញពីកន្លែងកើតហេតុ ​ធ្វើឱ្យជនសង្ស័យមានឱកាសលើកយកម៉ូតូជិះគេចខ្លួនបាត់ទៅ​។ 

​ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានប្តីដឹកតាមម៉ូតូយកទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ដើម្បីឱ្យសមត្ថកិច្ច តាមចាប់ខ្លួនជនសង្ស័យ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់​​៕


 

adverise with khmeread