ប៉ូលិសឃាត់ចោរលួចម៉ូតូបាន៣នាក់, ទើបម្ចាស់ម៉ូតូមកដាក់ពាក្យប្តឹង

​ភ្នំពេញ​ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ៣នាក់ ដែល​ពាក់ព័ន្ធ​ករណី​លួច​កាច់ក​ម៉ូតូ​មួយគ្រឿង ដែលមាន​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី ឆ្នាំ២០១៣ ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1BZ-5958 ដែល ក្រុមចោរ យកមក​លាក់ទុក​ក្នុងព្រៃ​បម្រុង​យកចេញកាលពី​វេលា​ម៉ោង ១១ និង៤៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅ​ក្នុងភូមិ​ក្បាលដំរី២ សង្កាត់​កា​កាប២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ​ចំនួន៣នាក់ ដែល​ស្ថិតក្នុង​ការសង្ស័យ​នៅឡើយ និង​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ ម៉ាក​ហុងដា​ឌ្រី​ម​សង់​ស៊េរី ឆ្នាំ២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-5779 មួយគ្រឿង និង​ម៉ាក​ Zoomer-X ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1GG-7230​។

​បន្ទាប់មកមាន បុរស​ម្នាក់​បានធ្វើ​ដំណើ​រ​មកកាន់​ប៉ុស្តិ៍​ចោមចៅ៣ហើយ​បាន​អះអាងថា​ខ្លួន​ជា​ម្ចាស់​ម៉ូតូ ដែល​ក្រុម​ចោរលួច​យកទៅ​លាក់ទុក​ក្នុងព្រៃ​នោះ។ បុរស​នោះបាន​បន្តទៀតថា ខ្លួន​មានឈ្មោះ យុទ្ធ រ៉ា​ម៉ាញ ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ​ជា​ដែក ស្នាក់នៅ​ នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​កា​កាប២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយបាន​កាន់​កាត​គ្រី​ម៉ូតូ​ម្ចាស់​ដើម និង​លិខិត​ទិញ​លក់​ភ្ជាប់​មកជាមួយ។

​បុរស​យុទ្ធ រ៉ា​ម៉ាញ ​បាន​រៀបរាប់​ថា នៅវេលា​ម៉ោង​ប្រហែល១១យប់​ថ្ងៃទី១៩ ខែសីហា ​ឆ្នាំ២០១៨ គាត់បាន​ជិះ​ម៉ូតូ​ដែលមាន​ខាងលើ​ត្រឡប់​មកពី​ធ្វើការ ដាក់​ម៉ូតូ​នៅមុខ​បន្ទប់​ដូច​រាល់ដង ហើយ​បិទ​របង​។ ស្រាប់តែ​ព្រឹក​ឡើង​រក​ម៉ូតូ​មិនឃើញ​ទើប​ដឹងថា​ត្រូវ​ចោរលួច​កាច់​បាត់​ហើយ ហើយ​ខ្លួន​មិនទាន់បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅឡើយ​ទេ​។ 

​លុះ​ពេល​រសៀល​ថ្ងៃទី២០ស្រាប់តែ​ឃើញ​ព័ត៌មាន​ផ្សាយ ម៉ូតូ​ដែល​ជនសង្ស័យ​លួចបាន​យកមក​លាក់ទុក​ក្នុង​គុម្ព​ព្រៃ ជា​ម៉ូតូ​របស់ខ្លួន​ដែល​បាត់​ពិត​ប្រា​ដក​មែន។ បុរស​ខាងលើ​បាន​បន្ថែមទៀតថា ម៉ូតូ​នេះ​ជា​ម៉ូតូ​របស់​បងខ្លួន ដែល​បាន​ទិញ​បន្ត​ពី​គេ ដោយ​បានធ្វើ​លិខិតស្នាម​ត្រឹមត្រូវ​។

​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យជនរងគ្រោះយក ឯកសារ ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ពិនិត្យ និង​សាកសួរ​ដំណើររឿង​បន្ថែម ទើប​ប្រគល់​ម៉ូតូ​ជូន​ម្ចាស់​វិញ​។ ចំណែក​ជនសង្ស័យ​ទាំង៣នាក់​កំពុងស្ថិត​ក្នុងការ​សង្ស័យ​នៅឡើយ​នៅ​អធិការ​រដ្ឋា​ន​​ខណ្ឌ​ពោធិ៍​សែន សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​ទេ៕


 

adverise with khmeread