adverise with khmeread Untitled 1

ថៃ​ចាប់ខ្លួន​អ្នកនេសាទ​កម្ពុជា​៥​នាក់​ពីបទ​ចាប់រំលោភ​ស្រី​បារាំង​២​នាក់ និង​វាយដំ​ប្រុស​បារាំង ២ នាក់​

​    ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ ប៉ូលិស​បាន​និយាយថា អ្នក​បើកទូក​នេសាទ​ក​ម្ពុ​ជា ៥ នាក់​ត្រូវបាន​ចាប់ខ្លួន​ទាក់ទង​នឹង​ករណី​រំលោភ និង​វាយដំ​អ្នកទេសចរ​បារាំង​កាលពី​យប់​ថ្ងៃ​សៅរ៍​នៅ​កោះ​រមណីយដ្ឋាន ឈ្មោះ កោះ​ឃុ​ត (Koh Kut)​។​

​     យោងតាម​ប៉ូលិស ជនសង្ស័យ​ទាំង ៥ នាក់ ដែល​ទូក​របស់ខ្លួន​ចត​ចោល​នៅ​កោះ​នេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​ព​ស្ត្រី​បារាំង ២ នាក់ និង​វាយដំ​ប្រុស​បារាំង ២ នាក់ ដែល​ព្យាយាម​ជួយ​ស្ត្រី​ទាំងពីរ​នាក់​។​

​     ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​បាន​ហែល​ទឹក​ប្រហែល ៣០០ ម៉ែត្រ​ពី​ទូក​របស់ខ្លួន​ទៅ​ច្រាំង​។

​    ​ប៉ូលិស​កាលពី​យប់​ថ្ងៃ​សៅរ៍​ឆ្លងថ្ងៃអាទិត្យបាន​ចាប់ខ្លួន​ជនសង្ស័យ ២ នាក់​ក្នុងចំណោម ៥​នាក់ ខណៈដែល​ពួកគេ​ព្យាយាម​ឆ្លង​មក​ប្រទេស​កម្ពុជា​វិញ​តាមរយៈ​ច្រកព្រំដែន​ហាត់​លឹក (Hat Lek) បន្ទាប់ពី​ក្រុមមន្ត្រី​បានកត់សម្គាល់​ភិនភាគ​របស់​ពួកគេ​ដូចគ្នា​នឹង​ការពណ៌នា​ដែល​ផ្តល់ឱ្យ​ដោយ​ជនរងគ្រោះ​។

​    ​បុរស​ទាំងពីរ​នាក់​ត្រូវបាន​នាំខ្លួន​មក​ប៉ុស្តិ៍​ប៉ូលិស​កោះ​ឃុ​ត​។ អ្នក​ទាំងពីរ​មានឈ្មោះ ធី អាយុ (Thi) ២០ ឆ្នាំ និង​ឈ្មោះ បុត្រ ម៉ាន់ (Bot Man) អាយុ ២០ ឆ្នាំ​។

​    ​អ្នក​បើកទូក​នេសាទ​ក​ម្ពុ​ជា​បីនាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​កន្លែងកើតហេតុ​នៅ​ព្រឹក​ទៀបភ្លឺ​ថ្ងៃអាទិត្យ​។ ពួកគេ​មាន​ឈ្មោះថា យឹម (Yim) អាយុ ២៥ ឆ្នាំ ឈ្មោះ​ប៉ៃ (Pai) អាយុ ២២ ឆ្នាំ និង​ឈ្មោះ ចឺន (Jern) អាយុ ២៥ ឆ្នាំ​។  

​    ​ប៉ូលិស​បាន​និយាយថា ការវាយប្រហារ​នេះ​បាន​កើតឡើង​ប្រហែល ១​គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន ដែល​អ្នកទេសចរ​ទាំង​បួន​នាក់​កំពុងស្នាក់នៅ​។

​    ​យោងតាម​ការស៊ើបអង្កេត​ជំហាន​ដំបូង អ្នកទេសចរ​ទាំង​បួន​កំពុង​ដើរ​តាមផ្លូវ​មួយ​ឆ្ពោះទៅរក​កន្លែង​ទទួលទាន​អាហារ​នៅពេល​ពួកគេ​បាន​ប្រទះ​ជនសង្ស័យ​ពីរ​នាក់​ដែល​ព្យាយាម​និយាយ​មកកាន់​ពួកគេ​។

​    ​ខណៈ​អ្នកទេសចរ​បម្រុង​ចាក​ចេញទៅ បុរស​៣​នាក់​ផ្សេងទៀត​បាន​លេច​ចេញពី​គម្ពោត​ព្រៃ​ក្បែរ​នោះ រួច​ចាប់យក​ស្ត្រី​ទាំងពីរ​នាក់​តែម្តង​។

​    ​អ្នកទេសចរ​ប្រុស​ពីរ​នាក់ ឈ្មោះ ថូ​ម៉ាស ប៊ី​រ៉ុ​ន (Thomas Buiron) អាយុ ៣០​ឆ្នាំ និង​ឈ្មោះ អេ​ដ​ប្រ៊ី រ៉ូ​និ​ន រេ​ន (Edbri Ronain Rene) អាយុ ២៩ ឆ្នាំ បាន​ព្យាយាម​វាយ​បណ្តេញ​ជន​វាយប្រហារ ប៉ុន្តែ​ចាញ់​ប្រៀប​កម្លាំង​។

​    ​លោក​ប៊ី​រ៉ុ​ន និង លោក​រេ​ន ត្រូវបាន​វាយប្រហារ​ដោយ​កាំបិត​និង​ដំបង​មុនពេល​ពួកគេ​អាច​រត់គេច​ទៅ​រមណីយដ្ឋាន​របស់ខ្លួន​វិញ​។ លោក​បាន​និយាយថា បុរស​ទេសចរ​ម្នាក់​ផ្សេងទៀត​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។

​    ​ប៉ូលិស​បាន​និយាយថា ស្ត្រី​ទាំងពីរ​មាន​អាយុ ៥៧ ឆ្នាំ និង​ម្នាក់ទៀត​អាយុ ២៨ ឆ្នាំ ត្រូវបាន​ចាប់រំលោភ និង​វាយ​ដំឡើង​ទ្រោម​ខ្លួន មុនពេល​រថយន្ត​មួយគ្រឿង​បើក​ឆ្លងកាត់​ដោយ​ធ្វើឱ្យ​ជន​វាយប្រហារ​ផ្អើល​រត់គេចខ្លួន​អស់​។

​    ​ក្រុមប៉ូលិស​និង​មន្ត្រី​កងទ័ពជើងទឹក​រួមគ្នា​មួយក្រុម​រួមទាំង​អ្នកស្រុក​ប្រហែល ៥០ នាក់​បានចេញ​ទូក​ពី​តំបន់​កើតហេតុ​ដើម្បី​ស្វែងរក​ជន​វាយប្រហារ​។

​    ​ជនសង្ស័យ ៣ នាក់​ត្រូវបាន​រកឃើញ​នៅលើ​កោះ និង​ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ោង​ប្រហែល ៥ ព្រឹក​ថ្ងៃអាទិត្យ ខណៈ​ពីរ​នាក់​ទៀត​បាន​រត់គេច​ខ្លួន មុនពេល​ត្រូវបាន​ចាប់បាន​មកវិញ​នៅក្បែរ​ព្រំដែន​។

​    ​លោក​វរសេនីយ៍ទោ ស៊ូ​រ៉ា​ផន ថេប​សេន (Suraporn Thepsen) ស្នងការរង​នគរបាល បាន​និយាយថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​នៅ​ព្រំដែន​ត្រូវគេ​ជឿថា​បានធ្វើ​ដំណើរ​ទៅកាន់​ស្រុក​ក្លងយ៉ៃ​របស់​ខេត្ត​ត្រាត​ពី​កោះ​ឃុ​ត​នៅលើ​ទូក​របស់​ពួកគេ​។

​    ​មេ​ប៉ូលិស លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ណុប​ផា​រ៉ាត់ រិ​នតា​ពុល (Nopparat Rintapol) បាន​និយាយថា​ជនសង្ស័យ​ទាំង ៥ គឺជា​ជនជាតិ​កម្ពុជា​ដែល​ធ្វើការ​នៅ​ទូក​នេសាទ​ឈ្មោះ Chok Kamolwan​។​

​    ​លោក​ណុប​ផា​រ៉ាត់​បាន​និយាយថា ជនសង្ស័យ ដែល​ស្រវឹងស្រា បាន​ពាក់អាវ​ពោង និង​បាន​ហែល​ទៅ​ច្រាំង​ដើម្បី​ទិញ​ស្រា​បន្ថែមទៀត មុនពេល​វាយប្រហារ​។  

​    ​ប៉ូលិស​និយាយថា​អ្នកទេសចរ ៣ នាក់ ដែល​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​ស្រុក​មួង​ខេត្ត​ត្រាត បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម​នៅ​កោះ​ឃុ​ត​។

​    ​អ្នកស៊ើប​អង្កេត​មួយក្រុម​ត្រូវបាន​បញ្ជូនទៅ​ដើម្បី​សាកសួរ​ប្រធាន​ក្រុម និង​អ្នក​បើកទូក​នេសាទ ដែល​ឥឡូវ​កំពុង​ចត​នៅ​កំពង់ផែ​ក្នុងស្រុក​ឡឺម​ង៉​ប់ ខេត្ត​ត្រាត​។

​    ​មេ​ប៉ូលិស​ជាតិ លោក ឧ​ត្ត​ម​សេនីយ៍ ចាក់​ធីប ឆៃ​ចិនដា (Chakthip Chaijinda) នឹងធ្វើ​ដំណើរ​ទៅ​កោះ​ឃុ​ត​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​សួរចម្លើយ​ជនសង្ស័យ​ទាំង​៥​នាក់​ដោយ​ខ្លួន​គាត់​។

​    ​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​នឹង​ផ្តល់ព័ត៌មាន​ថ្មី​អំពី​ស្ថានភាព​អ្នកទេសចរ​ទាំងបី​នាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​៕

adverise with khmeread

មតិយោបល់