បុរសកូរ៉េខាងត្បូងម្នាក់ត្រូវពេទ្យកាត់ដៃចោល បន្ទាប់ពីឆ្លងបាក់តេរីពីការទទួលទានអាហារឆៅ Sushi

បុរសកូរ៉េខាងត្បូងចំណាស់ម្នាក់ត្រូវបានកាត់ដៃចេញ បន្ទាប់ពីឆ្លងបាក់តេរីពីការបរិភោគអាហារឆៅប្រភេទ Sushi ដែលគំរាមកំហែងដល់អាយុជីវិតរបស់គាត់។

បុរសវ័យ ៧១ ឆ្នាំត្រូវបានបញ្ចូនទៅមន្ទីរពេទ្យមួយក្នុងទីក្រុង Jeoju ក្នុងខែកក្កដា។ គាត់បានវិលមុខ ២ ថ្ងៃ និងរងការឈឺចាប់ផ្នែកខាងក្រោមពោះយ៉ាងខ្លាំង ដែលវាកើតនៅ ១២ ម៉ោង បន្ទាប់ពីបរិភោគអាហារសមុទ្រឆៅ។

បុរសចំណាស់នោះ ដែលធ្លាប់មានប្រវត្តិកើតជំងឺទឹកនោមផ្អែមប្រភេទ ២ និងជំងឺលើសឈាម និងបានឆ្លងកាត់ការវះកាត់ជំងឺតម្រងនោមដំណាក់កាលចុងក្រោយ បានកើតពងទឹកមានឈាមប្រវែងប្រមាណជា ៣,៥ សង់ទីម៉ែត្រលើដៃឆ្វេង និងធ្វើឱ្យហើមខ្នងដៃ និងកំភួនដៃយ៉ាងខ្លាំង។

ភ្លាមៗវេជ្ជបណ្ឌិតបានធ្វើការវះកាត់បង្ហូរសារធាតុរាវនោះ និងយកវាមកធ្វើតេស្ដមើល ហើយរកឃើញថាគាត់ឆ្លងមេរោគ Vibrio vulnificus ជាប្រភេទបាក់តេរីខ្លាំងក្លា និងរាតត្បាត បណ្ដាលឱ្យកើតជំងឺអាសន្នរោគ។

វេជ្ជបណ្ឌិតបានព្យាបាលគាត់ជាមួយនឹងថ្នាំផ្សះ។ យ៉ាងណាមិញ បន្ទាប់ពី ២៥ ថ្ងៃ គាត់វិវត្តស្បែកទៅរលួយខ្លាំង។ លើកនេះវេជ្ជបណ្ឌិតបានធ្វើការវះកាត់ម្ដងទៀត ដោយកាត់ដៃរបស់គាត់ចោលដើម្បីសង្គ្រោះជីវិតរបស់គាត់។

សំណាងល្អ ការវះកាត់ជោគជ័យ ហើយអ្នកជំងឺក៏បានចេញពីមន្ទីរពេទ្យដោយសុវត្ថិភាព៕
 

adverise with khmeread