រថយន្ត Lexus RC ទ្វារ ២ ស៊េរី ២០១៩ ដ៏ប្រណីតគ្រោងនឹងបង្ហាញខ្លួនឆាប់ៗនេះហើយ

រថយន្ត Lexus RC គឺជាជម្រើសស័ក្ដិសមបំផុតសម្រាប់អ្នកប្រើប្រាស់ នៅពេលនិយាយដល់ម៉ូតរថយន្តប្រណីតទើបចូលទីផ្សារថ្មីថ្មោង។ វារួមបញ្ចូលគ្នានូវគុណភាពផលិតដ៏ល្អជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លា ទោះបីជាវាមិនខ្លាំងដូចគូប្រជែងអាល្លឺម៉ង់របស់វាក៏ដោយ។

បន្ទាប់ពីណែនាំមកក្នុងទីផ្សារលើកដំបូងក្នុងឆ្នាំ ២០១៥ រថយន្ត Lexus RC ឥឡូវនេះកំពុងមកដល់កណ្តាលផ្លូវនៃវដ្តជីវិតរបស់វា និងត្រូវបានធ្វើបច្ចុប្បន្នភាពឱ្យកាន់តែទាន់សម័យដើម្បីរក្សាវាឱ្យមានរូបរាងគួរឱ្យចាប់អារម្មណ៍និងមើលទៅស្រស់ស្រាយ ខណៈដែលវាចូលដល់ឆ្នាំ ២០១៩។ រថយន្តប្រណីតថ្មីនេះនឹងបង្ហាញខ្លួនជាផ្លូវការនៅខែតុលា ឆ្នាំ ២០១៨ នៅទីក្រុងប៉ារីស ប៉ុន្តែក្រុមហ៊ុន Lexus កាលពីថ្ងៃព្រហស្បតិ៍ទី៣០សីហា បានបង្ហាញរូបភាពលើកដំបូងរបស់វា។

ការផ្លាស់ប្តូរដ៏ធំបំផុតគឺការច្នៃម៉ូតចង្កៀងមុខ ដែលឥឡូវនេះយកស្ទីលឌីហ្សាញតាមរថយន្តម៉ូដែល Lexus LC ដែលចង្កៀងសម្រាប់បើកពេលថ្ងៃត្រូវបានរួមបញ្ចូលក្នុងបង្គុំចង្កៀងមេតែមួយ។ សំណាញ់ក្រឡាចត្រង្គនៅប្រដឹសមុខរថយន្តក៏ត្រូវបានកែលម្អផងដែរ ហើយបំពង់ខ្យល់ថ្មីត្រូវបានបន្ថែមនៅចុងសងខាងនៅខាងមុខរថយន្តដើម្បីធ្វើឱ្យវាស្ទុះបានរលូនពេលបើកបុកសម្ពាធខ្យល់ខ្លាំង។ ពណ៌ថ្មីនិងកង់ថ្មីក៏ត្រូវបានបន្ថែមផងដែរ។

នៅខាងក្នុង ការផ្តោតសំខាន់ គឺការកែលម្អសម្ភារៈនិងការរចនាលើប្រព័ន្ធគ្រប់គ្រងបញ្ជានិងឧបករណ៍វាស់ស្ទង់ល្បឿន។ ក្នុងចំណោមការផ្លាស់ប្តូរទាំងនេះគឺ ការបន្ថែមសញ្ញាសម្គាល់ពណ៌ប្រផេះលើអេក្រង់បញ្ជាគ្រប់គ្រងកម្តៅក្នុងរថយន្តនិងអេក្រង់ចាក់ចម្រៀង ខណៈកន្លែងដាក់ជើងជាន់ឈ្នាន់ត្រូវបានលើកខ្ពស់ជាងមុនដើម្បីបង្កើតអារម្មណ៍ធំទូលាយ។

នៅក្នុងផ្នែកគ្រប់គ្រងចង្កូត ក្រុមហ៊ុន Lexus បាននិយាយថា វិស្វកររបស់ខ្លួនបានកែលម្អដៃចង្កូតលើកដាក់តម្រូវតាមចិត្តអ្នកបើកបរ និង មានភាពប្រណីតពេលកាន់ដៃចង្កូតបើកបរ។ ដៃចង្កូតដែលមានអង្កត់ផ្ចិត ១៩ អ៊ីញនេះ ក៏ត្រូវបានស្រោបស្បែកប្រភេទ Combo ដែលធ្វើឱ្យអ្នកបើកបរងាយស្រួលកាន់ចង្កូតបានពេញដៃល្អ។

ក្រុមហ៊ុន Lexus និយាយថា ព័ត៌មានលម្អិតនឹងត្រូវបានបង្ហាញបន្ទាប់ពីការបង្ហាញខ្លួនដំបូងរបស់រថយន្ត Lexus RC ស៊េរី ២០១៩ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តក្រុងប៉ារីសឆ្នាំ ២០១៨ នៅថ្ងៃទី ៤ ខែតុលាខាងមុខ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត