ប្រទះឃើញកូនដំរីមួយបាត់ប្រមោយ នាំឱ្យគេបារម្ភអំពីអនាគតរបស់វា

កូនដំរីមួយក្បាលត្រូវបានគេប្រទះឃើញវង្វេងក្នុងតំបន់ទំនាបប្រទេសអាហ្រ្វិកខាងត្បូងជាមួយនឹងប្រមោយរបស់វាបានបាត់ មិនដឹងទៅណា។

ការភ័យខ្លាចចំពោះសុវត្ថិភាពកូនដំរីបានកើនឡើង បន្ទាប់ពីវីដេអូបង្ហាញវាកំពុងដើរជាមួយនឹងដំរីផ្សេងទៀតក្នុងឧទ្យាន Kruger National Park ដោយគ្មានប្រមោយ។

បុគ្គលិកនៅឧទ្យាននោះនិយាយថា ពួកគេដឹងមិនច្បាស់ថាតើវាបាត់ប្រមោយដោយរបៀបណាទេ ប៉ុន្ដែវាហាក់បីដូចជាសត្វប្រមាញ់សាច់ជាអាហារវាយប្រហារលើកូនដំរីនេះ។

ពួកគេមួយចំនួននៅទីនោះនិយាយថា ធ្លាប់មានករណីសត្វក្រពើខាំប្រមោយកូនដំរីនេះច្រើនដង ខណៈដែលវាផឹកទឹកនៅបឹង។

សត្វតោក៏ធ្លាប់វាយប្រហារវា ដោយការខាំប្រមោយរបស់វាដែរ។ ហើយមានអ្នកខ្លះទៀតបកស្រាយថា វាអាចនឹងត្រូវជាប់អន្ទាក់ក៏ថាបាន។

ប្រមោយ គឺជាផ្នែកមួយនៃរាងកាយដ៏សំខាន់របស់ដំរី ហើយវាពោរពេញទៅដោយសាច់ដុំជាង ១០ ម៉ឺន ហើយប្រមោយដ៏មានអនុភាពនេះ គឺមានទាំងឥទ្ធិពលនិងភាពរហ័សរហួន ។ ហើយគេក៏ព្រួយបារម្ភពីអនាគតរបស់កូនដំរីនោះ ថាតើនឹងក្លាយទៅជាបែបណា បើសិនគ្មានប្រមោយនោះ៕


 

adverise with khmeread