អ្នកគាំទ្ររបស់ Man Utd បាត់បង់ការអត់ធ្មត់បន្ទាប់ពី Paul Pogba បង្ហោះសារលើ​ បណ្តាញសង្គម

          ក្រុមអ្នក​គាំទ្រ​របស់​ក្លឹប Man Utd ចាប់ផ្តើម​បាត់បង់ការ​អត់ធ្មត់​ជាមួយ​កីឡាករ Paul Pogba និង​បាន​បង្វែរ​គោលដៅរិះគន់​មក​លើ​កីឡាករ​របស់ខ្លួន បន្ទាប់ពី​កីឡាករ​រូបនេះ​បង្ហោះ​សារតាមបណ្តាញសង្គម​នាពេលថ្មីៗ​នេះ។

          ខ្សែបម្រើ​រូបនេះ​បាន​បង្ហោះរូបភាពមួយបង្ហាញថា ខ្លួន​កំពុង​ខ្សឹបខ្សៀវ​គ្នា​ជាមួយ Kylian Mbappe និង​ Antoine Griezmann អំឡុង​ពេលក្រុមបារាំង​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​អាល្លឺម៉ង់​កាល​ពីយប់ថ្ងៃព្រហស្បតិ៍ និង​បាន​សុំឲ្យ​អ្នក​គាំទ្រជួយ​ដាក់ចំណងជើងរូបភាពនេះផងដែរ។

          ទោះបីជា​យ៉ាងណា ការសរសេរសាររបស់ Pogba នេះមិន​ទទួល​បាន​ការគាំទ្រ​ពីអ្នកគាំទ្រ​របស់​ Man Utd ទេ ស្របពេល​អ្នក​ខ្លះ​បាន​រិះគន់​សារនេះថា គ្មាន​ការ​គោរពសោះ។

          អនាគត​របស់​ Pogba ជាមួយ Man Utd ​ស្ថិតក្នុងភាពមិន​ច្បាស់​លាស់​មួយ​រយៈ​មកហើយ​ ហើយ​បន្ទាប់ពី​ការ​ប្រកួត​នៅ​ទីលាន Allianz Arena កីឡាកររូបនេះបាន​និយាយថា “​អនាគត​របស់ខ្ញុំ​បច្ចុប្បន្ន​នៅជាមួយ​ Man Utd ។ ខ្ញុំនៅមាន​កិច្ច​សន្យា​។ ខ្ញុំលេងនៅ Man Utd ​នៅពេលនេះ ប៉ុន្តែ​នរណាដឹងថា នឹង​មាន​អ្វីកើត​ឡើង”៕

adverise with khmeread