តោះមកមើលប្រវត្តិខ្លីនៃភាពជោគជ័យរបស់លោក ជែក ម៉ា ខណៈដែលថ្ងៃចន្ទសប្តាហ៍ក្រោយនេះ គាត់នឹងលាឈប់ពីតំណែងប្រធានប្រតិបត្តិ Alibaba

លោក ជែក ម៉ា គឺជាសហគ្រិនជនជាតិចិនជួបវិបត្តិសាច់ប្រាក់និងជាអតីតគ្រូបង្រៀនភាសាអង់គ្លេស នៅពេលគាត់បានបញ្ចុះបញ្ចូលមិត្តភក្តិគាត់ដើម្បីសុំខ្ចីលុយ ៦០.០០០ ដុល្លារបើកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចចិនឈ្មោះ Alibaba ក្នុងឆ្នាំ ១៩៩៩។

ជិត២ទសវត្សរ៍ក្រោយមក ក្រុមហ៊ុន Alibaba បានក្លាយជាក្រុមហ៊ុនអ៊ីនធឺណេតយក្សមួយ ហើយលោកជែក ម៉ា ជាប់ឈ្មោះក្នុងចំណោមអ្នកមានជាងគេបំផុតនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបជាង ៤០ ពាន់លានដុល្លារ។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ។

ប៉ុន្តែប្រធានក្រុមហ៊ុនរូបនេះជិតចូលនិវត្តន៍ហើយ ដោយប្រាប់កាសែត The New York Times ថា គាត់គ្រោងនឹងចុះចេញពីតំណែងប្រធាននៅថ្ងៃចន្ទខាងមុខ ដែលជាថ្ងៃខួបកំណើតគម្រប់ ៥៤ ឆ្នាំរបស់គាត់ដើម្បីចំណាយពេលវេលារបស់គាត់លើកកម្ពស់វិស័យអប់រំសម្រាប់មនុស្សជាតិ។

ក្រុមហ៊ុន Alibaba Group គឺរួមបញ្ចូលទាំងវេបសាយ Tmall.com សម្រាប់ប្រតិបត្តិការលក់ទំនិញទៅអតិថិជន និង វេបសាយ Taobao ដែលជាទីផ្សារលក់ទំនិញប្រើប្រាស់តាមអនឡាញដ៏មានប្រជាប្រិយភាពបំផុតរបស់ប្រទេសចិនជាមួយនឹងផលិតផលនិងសេវាកម្មរាប់រយលានត្រូវបានរាយនាមលើវេបសាយ។

បច្ចុប្បន្នក្រុមហ៊ុននេះបានក្លាយទៅជាអ្នកដើរតួដ៏សំខាន់បំផុតមួយក្នុងការទូទាត់ប្រាក់តាមអ៊ីនធឺណេតនិងវិស័យភាពយន្តហើយក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ទៅលើវិស័យជាច្រើន រួមមានទាំងការលក់រាយឥដ្ឋនិងស៊ីម៉ង់ត៍ ការរក្សាទិន្នន័យលើអ៊ីនធឺណេត (Cloud Computing) សេវាដឹកអាហារដល់អតិថិជន និងសេវាផ្សាយពាណិជ្ជកម្ម។

ក្រុមហ៊ុននេះមានភាគហ៊ុននៅក្នុងវេបសាយ Weibo ដ៏ប្រជាប្រិយភាពបំផុតរបស់ចិន (ស្រដៀង Twitter) ហើយនៅឆ្នាំ ២០១៥ ក្រុមហ៊ុនបានទិញកាសែត South China Morning Post។

លោកម៉ា ដែលមានឈ្មោះចិនថា ម៉ា យុន តែងតែពណ៌នាខ្លួនគាត់ថាជាសហគ្រិនដោយចៃដន្យ ដោយបានបោះបង់ការបង្រៀននៅមហាវិទ្យាល័យដើម្បីរកស៊ី បន្ទាប់ពីស្គាល់អ៊ីនធឺណេត។

ដោយឃើញឱកាសសម្រាប់អាជីវកម្មខ្នាតតូចដើម្បីទិញនិងលក់ទំនិញតាមអ៊ីនធឺណេត លោកម៉ាបានចាប់ផ្តើមបើកក្រុមហ៊ុន Alibaba ដោយចាប់ផ្តើមដំណើរការក្រុមហ៊ុនចេញពីអគារផ្ទះល្វែងរបស់គាត់នៅទីក្រុងហាងចូវភាគខាងកើតប្រទេសចិន។ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននេះបច្ចុប្បន្នគឺនៅតែស្ថិតនៅក្នុងទីក្រុងហាងចូវ។

គាត់បានជំរុញឱ្យមានការលះបង់តស៊ូដ៏ខ្លាំងក្លាក្នុងចំណោមបុគ្គលិកនិងអ្នកប្រើប្រាស់អ៊ីនធឺណេតរបស់គាត់ ដោយនាំឱ្យគេប្រៀបធៀបគាត់ទៅនឹងសហស្ថាបនិកក្រុមហ៊ុន Apple លោក ស្ទីវ ចប។ ប៉ុន្តែលោកម៉ាបានអនុវត្តស្ទីលគ្រប់គ្រងមានលក្ខណៈបើកទូលាយជាងលោកស្ទីវ ចប។

គាត់គឺជាមហាសេដ្ឋីមានប្រជាប្រិយភាពដ៏លេចធ្លោបំផុតរបស់ប្រទេសចិន ដោយបានសម្តែងក្បាច់រាំតាមលោកម៉ៃឃើល ជែកសុន ក្នុងពិធីខួបលើកទី ១៨ របស់ក្រុមហ៊ុនកាលពីឆ្នាំមុន និងសម្តែងក្នុងខ្សែភាពយន្តខ្លីរបស់គាត់និយាយអំពីសិល្បៈក្បាច់គុនកុងហ្វូ។

គាត់ចូលចិត្តរៀបរាប់រឿងរ៉ាវនៃការបដិសេធរូបគាត់ ដូចជាពេលវេលាដែលគាត់ត្រូវបានបដិសេធមិនឱ្យធ្វើការនៅហាង KFC និងត្រូវបានសាកលវិទ្យាល័យហាវើដរបស់អាមេរិក បដិសេធដល់ទៅ "១០ ដង" ។

ភាពជោគជ័យរបស់លោកម៉ាត្រូវបានស្តែងឱ្យឃើញ ក្រោយពីក្រុមហ៊ុន Taibao របស់ក្រុមហ៊ុន Alibaba បានយកឈ្នះក្រុមហ៊ុន eBay នៅក្នុងប្រទេសចិន ដោយបង្ខំឱ្យវេបសាយលក់ដេញថ្លៃរបស់អាមេរិកនេះដកខ្លួនចេញពីប្រទេសចិនក្នុងឆ្នាំ ២០០៦។

លោកម៉ាបានចូលនិវត្តន៍ពីតំណែងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba ក្នុងឆ្នាំ ២០១៣ ហើយនៅទីបំផុតបានប្រគល់តំណែងឱ្យទៅលោកដានីញែល ចាង ដែលជាកូនសិស្សជំនិតរបស់គាត់ ប៉ុន្តែគាត់នៅតែសកម្មនៅក្នុងក្រុមហ៊ុន ដោយផ្តល់នូវទិសដៅជាយុទ្ធសាស្ត្រក្នុងនាមជាប្រធាន។

លោកម៉ាបានបង្ហាញពីការកោតសរសើរដល់ស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត ដែលបានបរិច្ចាគទ្រព្យសម្បត្តិយ៉ាងច្រើនរបស់គាត់ដើម្បីបុព្វហេតុសប្បុរសធម៌។

ដូចលោកហ្គេតដែរ លោកម៉ាបានបង្កើតមូលនិធិផ្ទាល់ខ្លួនរបស់គាត់ គឺអង្គការ Jack Ma Foundation ដែលគាត់និយាយថានឹងជំរុញបុព្វហេតុរបស់គាត់លើវិស័យអប់រំ។

លោកម៉ាបានប្រាប់ទូរទស្សន៍ Bloomberg ក្នុងពេលថ្មីៗនេះថា "នេះគឺជាអ្វីដែលខ្ញុំគិតថាខ្ញុំអាចធ្វើបានល្អជាងធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត