Naomi Osaka បានក្លាយជាជើងឯកទោលផ្នែកនារីសម្រាប់ពាន Grand Slam ជាលើកដំបូង បន្ទាប់ពីនាងយកឈ្នះកីឡាការិនីជើងចាស់ Serena William ៦-២ និង ៦-៤ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ចម្រូងចម្រាសបំផុតកាលពីថ្ងៃសៅរ៍ ដោយកីឡាការិនីអាមេរិក Williams បរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីរងការចោទប្រកាន់ថា បានរំលោភច្បាប់ប្រកួត។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះបានបញ្ចប់ដោយភាពចម្រូងចម្រាសបំផុតក្នុងប្រវត្តិសប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Grand Slam ។
មានការចំឌឺដងដាក់គ្នាទៅវិញទៅមករវាងកីឡាការិនីទាំងពីរ ស្របពេល Osaka ព្យាយាមចង់ក្លាយជាកីឡាការិនីទី១ ដែលលើកពាន Grand Slam ចំណែកឯ Williams វិញចង់តាមស្មើឯតទគ្គកម្មចាស់របស់កីឡាការិនី Margaret Court ដែលធ្លាប់លើកពាននេះ២៤លើក។
ឈរលើវេទិការង់ចាំទទួលពាននិងមូលប្បទានបត្រដែលមានទឹកប្រាក់៣,៨លានដុល្លារ Osaka បានឮសូរសម្លេងស្រែកចំអកពីក្រុមទស្សនិកជនដែលមានការខកចិត្តចំពោះមន្ត្រីដឹកនាំការប្រកួតជនជាតិព័រទុយហ្គាល់ Carlos Ramos ដែលឈរនៅក្បែរនោះដែរ។
Osaka បាននិយាយថា “ខ្ញុំដឹងថា គ្រប់គ្នាអបអរចំពោះ Williams ហើយខ្ញុំសូមអភ័យទោសដែលការប្រកួតបញ្ចប់ក្នុងលទ្ធផលបែបនេះ។ វាគឺជាសុបិនរបស់ខ្ញុំដែលចង់ប្រកួតជាមួយ Serena ក្នុងវគ្គផ្តាច់ព្រ័ត្រ U.S. Open …ខ្ញុំពិតជារីករាយដែលខ្ញុំអាចប្រកួតជាមួយគាត់”។
ស្របពេល Osaka គ្រប់គ្រងការប្រកួត បន្ទាប់ពីយកឈ្នះសិតដំបូង លោក Ramos បានធ្វើឲ្យ Williams កាន់តែមានកំហឹងនៅពេលលោកចោទប្រកាន់កីឡាការិនីរូបនេះថា បានរំលោភច្បាប់ប្រកួត អំឡុងពេលប្រកួតហ្គេមទី២ក្នុងសិតទី២ បន្ទាប់ពីលោកក្រឡេកឃើញគ្រូបង្វឹកអាមេរិក Patrick Mouratoglou ធ្វើសញ្ញាដាក់កីឡាការិនី Williams ។
Williams ចាប់ផ្តើមបង្ហាញឥរិបថមិនល្អ ហើយនាងត្រូវកាត់១ពិន្ទុទៀតដោយសារវាយបំបាក់រ៉ាកែតមុនពេលប្រកួតចាញ់ ៤-៣ ។ Williams បានវាយប្រហារពាក្យសម្តីដាក់លោក Ramos ដោយចោទប្រកាន់លោកថា ជាមនុស្សភូតកុហក់ និងជាចោរលួចពិន្ទុពីនាង៕
