adverise with khmeread Banana peels

ញ៉ាំសំបកចេកផ្តល់អត្ថប្រយោជន៍ច្រើន ដល់សុខភាព

យើងនិយមញ៉ាំតែសាច់ចេកនៅខាងក្នុងប៉ុណ្ណោះ ដោយមិនដឹងថាសំបករបស់វាផ្តល់នូវសារធាតុចិញ្ចឹមលើសពីសាច់ចេករហូតដល់ទៅបីដងនោះទេ។ ដូច្នេះ លើកក្រោយមុនពេលបោះសំបកចេកចូលធុងសំរាម ត្រូវពិចារណាម្តងទៀត។ ខ្ទប់ច្រមុះ រួចសាកទំពារសំបកដ៏ល្វីងរបស់វា រួចបន្ទាប់មកអ្នកនឹងឃើញអត្ថប្រយោជន៍សុខភាពដូចខាងក្រោម។ 

១. សំបកចេកជួយបន្ថយជាតិកូឡេស្ទើរ៉ូល
ជាតិកូឡេស្ទើរ៉ូលអាចថយចុះតាមរយៈការបង្កើនជាតិហ្វាយបឺ ដែលជាសារជាតិមួយជួយបន្ថយនូវហានិភ័យនៃជំងឺគាំងបេះដូង ឬស្ត្រូក។ សំបកចេកផ្ទុកនូវជាតិហ្វាយបឺ ឬជាតិសរសៃដែលរលាយនិងមិនរលាយច្រើនជាងសាច់ចេកនៅខាងក្នុងទៅទៀត។ 

២. សំបកចេកផ្តល់នូវសារធាតុអេឡិចត្រូលីតយ៉ាងច្រើន
សំបកចេកផ្ទុកនូវសារធាតុប៉ូតាស្យ៉ូម និងអេឡិចត្រូលីត ដែលជួយពង្រឹងដល់សាច់ដុំឲ្យរឹងមាំល្អ ជាពិសេសសម្រាប់អ្នកហាត់កីឡា និងចង់បានសាច់ដុំស្អាតល្អ។

៣. សំបកចេកធ្វើឲ្យមនុស្សមានអារម្មណ៍កាន់តែរីករាយ
សំបកចេកសម្បូរដោយសារធាតុ Serotonin ជាសារធាតុគីមីដែលបញ្ជូនរំញោចសរសៃប្រសាទពីកោសិកាមួយទៅកោសិកាមួយ។ សារធាតុ Serotonin គឺជាសារធាតុដែលជួយរក្សាតុល្យភាពអារម្មណ៍ក្នុងរាងកាយ។ កង្វះសារធាតុនេះអាចនឹងឲ្យកើតអារម្មណ៍បាក់ទឹកចិត្ត ហើយបើលើសសារធាតុនេះវិញអាចធ្វើឲ្យវិលមុខទៅវិញ។ ដូច្នេះត្រូវញ៉ាំវាឲ្យល្មមគឺសមគួរបំផុត។ 

៤. សំបកចេកជួយធ្វើឲ្យអ្នកគេងបានស្រួល
ការគេងមិនលក់លែងជាបញ្ហាទៀតហើយ។ សារធាតុ Tryptophan ជាទូទៅត្រូវបានណែនាំក្នុងវេជ្ជបញ្ជារបស់គ្រូពេទ្យសម្រាប់ព្យាបាលការគេងមិនលក់។ ដូច្នេះ បើកាលណាគេងមិនលក់អ្នកអាចយកសំបកចេកមកញ៉ាំ រួចចាំអ៊ុតមើលលទ្ធផលទាំងអស់គ្នា។ 

៥. សំបកចេកជួយសម្រករាងត្រង់ចង្កេះឲ្យស្លីម
សំបកចកមានជាតិកាល់ឡូរីទាប និងសម្បូរជាតិហ្វាយបឺនិងសារធាតុចិញ្ចឹមជាច្រើន ដែលរាងកាយត្រូវការដើម្បីជាប្រភពបំពេញបន្ថែមសម្រាប់អ្នកដែលមានបំណងធ្វើឲ្យមានរាងស្លីម។ 

៦. សំបកចេកជួយទប់ស្កាត់ជំងឺមហារីក
ប្រសិនបើអ្នកកំពុងរកវិធីទប់ស្កាត់ជំងឺមហារីក អ៊ីចឹងមិនបាច់ទៅរកអ្វីឆ្ងាយនោះទេ។ សំបកចេកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយផ្ទុកទៅដោយសមាសធាតុជាច្រើន ដែលជួយទប់ស្កាត់កោសិកាពីការគំរាមកំហែងនៃការប្រែរូបធាតុរបស់មេរោគ ដែលជាអ្នកបង្កឲ្យកើតដុំសាច់មហារីក។ 

៧. សំបកចេកជួយពង្រឹងដល់កោសិកាឈាមក្រហម
កោសិកាឈាមក្រហមបញ្ជូនអុកស៊ីសែនទៅជាលិការបស់រាងកាយឥតឈប់ឈរ។ សំបកចេកមានសារធាតុចិញ្ចឹមច្រើន ដែលពង្រឹងដល់កោសិកាឈាមក្រហម តាមរយៈការធានាដល់ការចែកចាយអុកស៊ីសែន និងកាត់បន្ថយការខូចកោសិកាឈាមក្រហម។ 

៨. សំបកចេកជួយដល់សុខភាពភ្នែក
ភ្នែករបស់អ្នកគឺជារបស់ដ៏សំខាន់បំផុតមួយ។ សំបកចេកអាចជួយបង្កើនប្រសិទ្ធភាពសុខភាពភ្នែករបស់អ្នកដោយសារតែវាសម្បូរទៅដោយសារធាតុ Lutien។ សារធាតុ Lutien ជាសមាសធាតុមួយ ដែលជួយដល់សមត្ថភាពភ្នែកពេលមើលនៅទីងងឹង ហើយវាក៏ជួយទប់ស្កាត់កុំឲ្យភ្នែកមឺញ៉ូបផងដែរ។ 

៩. សំបកចេកជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
សំបកចេកផ្ទុកជាតិហ្វាយបឺច្រើន ដែលជួយក្នុងការបង្កើតបាក់តេរីប្រូបាយអូទិក (Probiotic Bacteria) ឬ "បាក់តេរីល្អ" ក្នុងពោះវៀនធំរបស់អ្នក ដែលនាំទៅដល់ការបន្សាបជាតិពុលក្នុងខ្លួនយ៉ាងមានប្រសិទ្ធភាព និងធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹតតែល្អប្រសើរផងដែរ។ 

១០. ចុងក្រោយត្រូវប្រាកដថាអ្នកញ៉ាំសំបកចេកសរីរាង្គតែមួយមុខគត់
ការញ៉ាំសំបកចេកឆៅអាចនឹងល្វីងខ្លាំង និងពិបាកលេប ដូច្នេះអ្នកត្រូវយកវាទៅស្ងោរបន្តិចសិនសឹមយកមកញ៉ាំ ទើបស្រួលលេបជាងមុន។ បើមិនដូច្នោះទេ អ្នកអាចយកវាដាក់ក្នុងម៉ាស៊ីនក្រឡុក ធ្វើជាទឹកក្រឡុកផឹកតែម្តងក៏បាន។ រឿងសំខាន់បំផុតដែលត្រូវចងចាំទុកគឺថាត្រូវញ៉ាំតែសំបកចេកសរីរាង្គប៉ុណ្ណោះ ព្រោះចេកធម្មតាអាចផ្ទុកនូវថ្នាំគីមី និងសត្វល្អិតដែលបង្កឲ្យមានបញ្ហាសុខភាពទៅវិញ៕ 

 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់