adverise with khmeread 3cd2a9c2 b228 42b5 be22 debef98b6746

ប្រជាពលរដ្ឋ​អស់ជំនឿ​លើ​អាជ្ញាធរ​ក្នុង​រឿង​ចោរ​ធ្វើសកម្មភាព​រាល់​យប់​

     ភ្នំពេញ ៖ ក្រោយ​ទទួលបាន​ព័ត៌មាន​ថា នៅ​ភូមិ​គោក​ឃ្លៀង និង​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​មាន​អំពើចោរកម្ម​លួច​ទ្រព្យសម្បត្តិ​អ្ន​កស្រុក​ស្ទើរ​ជា​រៀងរាល់​យប់នោះ នៅ​យប់​ថ្ងៃទី​២៩ ខែកុម្ភ​: ឆ្នាំ​២០១៦​នេះ លោក លី សា​វេត អភិបាលខណ្ឌ និង​លោក ម៉ក់ ហុង អធិការ​ប៉ូល​ស​ខណ្ឌ បាន​ដឹកនាំ​មន្ត្រី និង​កម្លាំង​សមត្ថកិច្ច ចុះទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ទាំងយប់ ដើម្បី​សួរ​ព័ត៌មាន​បន្ថែម និង​មាន​វិធានការ​ជាបន្ទាន់​។​

     លោក លី សា​វ៉េ​ត បាន​ប្រាប់ថា «​ក្រោយ​ការសួរនាំ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ យើង​ទទួលស្គាល់ថា ពួកគាត់​លើកឡើង​ពី​អំពើចោរកម្ម​ដែលកើតមានឡើង​នៅក្នុង​ភូមិ ប៉ុន្តែ​ចំពោះ​ករណី​ទាំងនេះ ខ្ញុំ​នឹងធ្វើ​វេទិការ​សាធារណ​: នៅ​ថ្ងៃស្អែក ដើម្បី​ស្តាប់​នូវ​ការលើកឡើង​ផ្សេងៗ​បន្ថែមទៀត​»​។​

     លោក​អភិបាលខណ្ឌ បាន​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​បទល្មើស​ទាំងនេះ ដែល​បាន​កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ ខណ​:​ដែលប្រព័ន្ធ​ផ្លូវ និង​លូ ព្រមទាំង​សមិទ្ធផល​ជាច្រើន​ត្រូវបាន​អាជ្ញាធរ​កសាងបាន​ជាច្រើន​។ សម្រាប់​ករណីនេះ លោក លី សា​វេត បាន​អំពាវនាវ​ឲ្យប្រជាពលរដ្ឋ​មាន​ភាព​ស្ងប់ស្ងៀម​ដើម្បី​ទុក​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ធ្វើការ​ដោះស្រាយ​ជូន​។​

    សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រស់នៅ​ភូមិ​គោក​ឃ្លៀង និង​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បានបង្ហាញ​ការអស់ជំនឿ​ទាំងស្រុង​ទៅលើ​ក្រុម​សមត្ថកិច្ច និង​អាជ្ញាធរ ដែល​គ្មាន​វិធានការណ៍​ចំពោះ​ការទប់ស្កាត់ អំពើចោរកម្ម ដែល​កំពុង​កើតមានឡើង​ពេញបន្ទុកនៅក្នុង​មូលដ្ឋាន​ដែល​បានធ្វើ​សកម្មភាព លួច​ទ្រព្យសម្បត្តិ​ស្ទើរ​ជា​រៀងរាល់​យប់​ដូចជា លួច​ម៉ូតូ លួច​ធុង​ទឹកកក លួច​រឺ​ម៉ក់ លួច​កង់ លួច​កៅអី និងគាស់​ផ្ទះ​ជាដើម​។​

  អំពើចោរកម្ម​បែបនេះ បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​វេន​ប្រចាំការ​យាម​ផ្ទះ​របស់ខ្លួន​តាំងពី​ក្បាល​ព្រលប់ រហូតទល់​ភ្លឺ ពីព្រោះ​ខ្លាច​ក្រុមចោរទាំងនេះ​ចូលធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។​

     បើតាម​ប្រជាពលរដ្ឋ អំពើចោរកម្ម​ដែល​គ្មាន​ការទប់ស្កាត់​គ្មាន​ប្រសិទ្ធភាព​នេះ បានកើត​ឡើង មុន​មួយថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​ចិន​មកម្ល៉េះរហូតមកដល់​ពេលនេះ​។ ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ចិត្ត បាន បាន​រៀបរាប់ថា "​ឥឡូវនេះ​ពួកយើង​រវល់​តែ​ការពារ​ទ្រព្យសម្បត្តិ​របស់​យើង​ទៅវិញនៅ​ពេលយប់ឡើង ពីព្រោះ​ចោរលួច​ខ្លាំងពេក តែ​សមត្ថកិច្ច ហាក់បីដូចជា​គ្មាន​ការ​ទប់​ស្តា​ល់​នោះឡើយ​។ ដូច​ករណី​យប់មិញនៅពេល​ប្រជាពលរដ្ឋ​តេ​ហៅ​មកជួយ​អន្តរាគមន៍ នៅពេល​មាន​ចោរ​ចង់​កាប់​ប្រជាពលរដ្ឋ ស្រាប់តែ​អាវុធហត្ថ មកដល់​ពួកគេ​មក​សួរ​យើង​ថា មាន​កាន់ដំបង​ហ្នឹង​ចង់វាយសម្លាប់​គេ​រឺមួយ​យ៉ាងណា​?

     បើតាម​ប្រជាពលរដ្ឋ ក្រុមចោរ​ទាំងនេះ​មាន​មេក្លោង​ធំៗ ៤​នាក់​រួមមាន ឈ្មោះ អា​ត្នោត ឈ្មោះ អា​មូស ឈ្មោះ អាវ​ណ្ណា និង​ឈ្មោះ អា​ធួន ដែលរស់នៅ​ម្តុំ​ចេ​តី​យ៍​៨​ខ្នង គឺ​លើ​ប្រឡាយ​តែម្តង ហើយ​ពួកនេះ​មាន​កូនចៅ​មួយចំនួនទៀត សម្រាប់​ដើរ​ធ្វើ​សកម្មភាព ដោយ​យប់​ឡើង​ជួបជុំគ្នា​នៅលើ​ស្ពាន​លូ​ប្រឡាយ​បង្ហូរទឹក និង​នៅក្នុង​បន្ទប់​ជួល​តែម្តង ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ កាំបិត ដំបង និង​ដុំថ្ម​ជាដើម​។

     ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា បើសិន​គ្មាន​ការ​ទប់​ស្តា​ត់​ឲ្យ​ទាន់ពេលវេលា​នោះទេ តំបន់​ដែល​ពួកគាត់​រស់នៅ​នឹង​ក្លាយជា​បឹង​ឈូក​ទី​២ ជាក់ជាមិនខាន ។ កន្លងមក​ប្រជាពលរដ្ឋ​បានដាក់​ពាក្យបណ្តឹង ទៅកាន់​ប៉ុស្តិ៍នគរបាល ទៅ​សង្កាត់ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​នៅតែ​គ្មាន​ប្រសិទ្ធភាពហើយ​អាជ្ញាធរ​មិនដែល​ចុះមក​ធ្វើ​រដ្ឋបាល​នោះឡើយ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់