តើ Samsung នឹងបង្ហាញទូរស័ព្ទអាចបត់បែនបានដំបូងគេលើពិភពលោកនៅខែវិច្ឆិកាខាងមុខ?

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics អាចនឹងបង្ហាញលម្អិតខ្លះៗលើទូរស័ព្ទដៃអាចបត់បែនដំបូងគេលើពិភពលោក នៅក្នុងសន្និសីទកាសែតមួយក្នុងទីក្រុង San Francisco ក្នុងខែវិច្ឆិកា។ នេះបើយោងតាមប្រភពឧស្សាហកម្មទម្លាយឱ្យដឹងកាលពីថ្ងៃចន្ទ។

ពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនេះនឹងដាក់បង្ហាញទូរស័ព្ទស្មាតហ្វូនអាចបត់បែនបាននៅសន្និសីទ Samsung Developer Conference បានរីករាលពេញពិភពលោកជុំវិញការសម្ភាសន៍នាយកប្រតិបត្តិក្រុមហ៊ុនលោក Koh Dong-jin ដោយក្រុមសារព័ត៌មានកាលពីសប្ដាហ៍មុន។

Samsung បានច្រានចោលពាក្យចចាមអារ៉ាមនេះ ដោយនិយាយថា មន្ត្រីរបស់ខ្លួនមិនទាន់បញ្ជាក់អំពីរឿងនេះនៅឡើយទេ។ យ៉ាងណាមិញ គេអាចដឹងថា ក្រុមហ៊ុននេះអាចនឹងបង្ហាញទូរស័ព្ទអាចបត់បែនរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍សន្និសីទនោះ ខណៈដែលខ្លួនកំពុងជិតបញ្ចប់ការអភិវឌ្ឍទូរស័ព្ទដៃរបស់ខ្លួន។

មន្ត្រីរបស់ក្រុមហ៊ុននេះនិយាយថា "យើងនឹងនិយាយលម្អិតច្រើនអំពីទូរស័ព្ទនេះនៅពេលនោះតែម្តង (ខែវិច្ឆិកា)"។

សារព័ត៌មានបរទេសមួយចំនួនបានរិះគន់ក្រុមហ៊ុននេះថា "លេងកំប្លែង" ខណៈដែលការពន្យារដាក់បង្ហាញទូរស័ព្ទថ្មីកាលពីពេលថ្មីៗនៅដើមឆ្នាំនេះ។

យ៉ាងណាមិញ នាយកប្រតិបត្តិរូបនេះបានប្រាប់ថា Samsung កំពុងផលិតទូរស័ព្ទអាចបត់បែនបាន ខណៈដែលក្រុមហ៊ុនបានដាក់បង្ហាញផលិតផលថ្មី Galaxy Note 9 ក្នុងខែសីហា ហើយនិយាយថា "យើងនឹងមិនចុះចាញ់សម្រាប់ការក្លាយជាទូរស័ព្ទបត់បែនដំបូងគេបង្អស់របស់ពិភពលោកឡើយ"៕
 

adverise with khmeread