កូនប្រុសសុំប្លង់ដីម្តាយយកទៅបញ្ចាំទិញម៉ូតូមិនបានដុតផ្ទះឆេះម៉ដ្ឋ

កំពង់ឆ្នាំង ៖ យុវជនម្នាក់បាន យកភ្លើងដុតផ្ទះរបស់ខ្លួនឯងចោលឆេះសន្ធោរសន្ធៅ បន្ទាប់ពីសុំយកប្លង់ផ្ទះពីម្តាយយកទៅបញ្ចាំដើម្បីទិញម៉ូតូ មិនបាន​។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតមានឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

​សមត្ថកិច្ចនិយាយថា ​ជនសង្ស័យឈ្មោះ លឹង ឆើត​ ហៅអាឆើត អាយុ២៩ឆ្នាំ រស់នៅភូមិ ឃុំខាងលើ រស់នៅជាមួយឪពុកម្តាយ នៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។​ 

​ស្រ្តីជាម្តាយឈ្មោះ លឹង ហាន បានប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់ បានសុំប្លង់ដីផ្ទះដែលរស់នៅសព្វថ្ងៃ យកទៅបញ្ចាំដើម្បីទិញម៉ូតូយកមកជិះ​។ ប៉ុន្តែគាត់មិនឱ្យនោះទេ ព្រោះថាខ្លាចពុំមានលទ្ធភាពសងគេវិញ​។ 

​នៅពេលដែលឭម្តាយប្រាប់ថាមិនឱ្យ កូនប្រុស ឈ្មោះ លឹង ឆើត ក្តៅឆេវតែម្តងរួចក៏បានទាញយកស្លឹកត្នោតងាប់ៗ៣ធាង យកទៅដុតផ្ទះចោលតែម្តង ទោះបីហាមឃាត់យ៉ាងណាក៏កូនប្រុសរូបនេះ មិនស្តាប់ដែរ បណ្តាលឱ្យផ្ទះ១ខ្នង មានទំហំ៥គុណនិង៤ ប្រក់ស្លឹក ជញ្ជាំងស្លឹក ដែលធ្លាប់តែជ្រកកោន នោះឆេះអស់រលីង គ្មានសល់អ្វីនោះទេ​។

​បន្ទាប់មកកម្លាំងប្រជាការពារបានឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកបរិបូរណ៍ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី​៕

adverise with khmeread