ពូទីនសួរជែកម៉ាថា​ "លោកនៅក្មេងសោះ ម៉េចក៏ឆាប់ចូលនិវត្តន៍ម៉្លេះ?" ដឹងថាគាត់ឆ្លើយវិញថាម៉េចទេ?

នៅពេលប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba លោក ជែក ម៉ា បានប្រកាសនៅសប្តាហ៍នេះថា លោកគ្រោងនឹងចូលនិវត្តន៍ក្នុងរយៈពេលមួយឆ្នាំទៀតនៅអាយុ ៥៥ ឆ្នាំ វាបានធ្វើឱ្យមនុស្សជាច្រើនងឿងឆ្ងល់រហូតអេះក្បាលខ្លួនឯង ក្នុងនោះរួមមានទាំង ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ផងដែរ។

នៅវេទិកាសេដ្ឋកិច្ចបូព៌ាដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារនៅក្នុងទីក្រុង Valdivostok ប្រទេសរុស្ស៊ី លោកពូទីនបានឆ្លៀតឱកាសបង្អាក់កិច្ចពិភាក្សាតុមូលស្តីពីភាពជាសហគ្រិនមួយភ្លែត នៅពេលលោកបានឃើញលោក ជែក ម៉ា ដើម្បីសួរលោកថាហេតុអ្វីបានជាលោកម៉ាគ្រោងចូលនិវត្តន៍ឆាប់បែបនេះ។ នេះបើយោងតាមសារមួយបង្ហោះនៅលើគណនី Weibo របស់ក្រុមហ៊ុន Alibaba។

លោកពូទីនបានសួរលោកម៉ាដែលជាអ្នកចូលរួមក្នុងវេទិកានេះផងដែរថា "ខ្ញុំចង់សួរបុរសវ័យក្មេងដែលកំពុងអង្គុយនៅទីនោះបរិភោគអាហារសម្រន់រុស្ស៊ី គឺ ជែក ម៉ា ថាលោកនៅក្មេងសោះ ហេតុអ្វីបានជាគ្រោងចូលនិវត្តន៍?" ។ វេទិកាសេដ្ឋកិច្ចបូព៌ាគឺជាលើកទីបួនដែលលោកម៉ានិងលោកពូទីនបានជួបគ្នា។

លោកម៉ាហាក់ដូចជាភ្ញាក់ផ្អើលខ្លាំងនៅពេលជួបសំណួរទាន់ហន់បែបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានប្រាប់លោកពូទីនថា គាត់លែងជាមនុស្សវ័យក្មេងទៀតហើយ។

លោកម៉ាបានឆ្លើយតបថា "ខ្ញុំបានចំណាយពេលខួបកំណើតគម្រប់ ៥៤ ឆ្នាំរបស់ខ្ញុំនៅរុស្ស៊ីកាលពីម្សិលមិញ។ ខ្ញុំបានដំណើរការក្រុមហ៊ុន Alibaba អស់រយៈពេល ១៩ ឆ្នាំនិងសម្រេចបាននូវសមិទ្ធផលជាច្រើន ប៉ុន្តែនៅតែមានរឿងជាច្រើនទៀត ដែលខ្ញុំសង្ឃឹមថានឹងសម្រេចបានដែរ ដូចជាការអប់រំនិងផ្នែកសប្បុរសធម៌"។

លោកពូទីនសើចហើយនិយាយថា "លោកមានអាយុតិចជាងខ្ញុំ ខ្ញុំមានអាយុ ៦៦ ឆ្នាំហើយ!"។

លោកម៉ាមានគម្រោងចូលនិវត្តនៅវ័យខ្ទង់ ៥០ ឆ្នាំ ដែលនេះគឺជាករណីកម្រមួយនៅក្នុងពិភពជំនួញរបស់ប្រទេសចិន កន្លែងដែលពួកមហាសេដ្ឋីតែងតែគ្រប់គ្រងជំនួញរបស់ខ្លួនរហូតដល់វ័យជរា។ នៅហុងកុង មហាសេដ្ឋីអចលនទ្រព្យ លោក លី កាស៊ីង ទើបតែបានចូលនិវត្តន៍ពីប្រធានក្រុមហ៊ុន CK Hutchison Holdings និង CK Asset Holdings នៅអាយុ ៩០ ឆ្នាំប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត