ប្រមុខអង្គការសិទ្ធិមនុស្សរបស់អ.ស.បនិយាយថា ប្រធានាធិបតីហ្វីលីពីនចាំបាច់ត្រូវយកទៅឱ្យពេទ្យឆ្កួតពិនិត្យចេញម្តង

ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវការទៅពិនិត្យជំងឺវិកលចរិត បន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានដាក់បញ្ចូលអ្នករាយការណ៍ពិសេសរបស់អ.ស.បចូលទៅក្នុងបញ្ជីមនុស្ស ៦០០ នាក់ដែលពួកគេចាត់ទុកជា "ភេរវជន"។

លោកស្រី Victoria Tauli Corpuz អ្នកជំនាញការរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិជនជាតិដើមភាគតិចត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីទ័ពព្រៃកុម្មុយនីស្ត។

លោកស្រីត្រូវបានគេចុះក្នុងបញ្ជីនៅក្នុងញត្តិរបស់រាជរដ្ឋាភិបាលរួមជាមួយអ្នកផ្សេងទៀតដែលរួមមានបូជាចារ្យកាតូលិក និងអតីតសមាជិកសភាដែលថ្មីៗនេះត្រូវបានគេបញ្ជូនទៅតុលាការក្រុងម៉ានីល។

ជាការឆ្លើយតប ស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្សបាននិយាយថា វាដល់ពេលហើយ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពចម្រូងចម្រាស់ចុងក្រោយរបស់ប្រធានាធិបតីហ្វីលីពីនរូបនេះ។

លោក Zeid Ra'ad Al Hussein បាននិយាយថា "គាត់ (Duterte) ត្រូវតែទៅពិនិត្យមើលជំងឺវិកលចរិតដោយខ្លួនគាត់។ សម្តីរបស់គាត់គឺមិនអាចទទួលយកបានទេ។ ការវាយប្រហារបែបនេះមិនអាចបណ្តែតបណ្តោយឱ្យរួចខ្លួនបានឡើយ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិត្រូវតែបញ្ចេញគោលជំហររបស់ខ្លួន"។

លោកស្រី Tauli-Corpuz ដែលបានចូលកាន់មុខតំណែងនេះតាំងពីឆ្នាំ ២០១៤ ត្រូវបានថ្កោលទោសដោយរដ្ឋាភិបាលហ្វីលីពីន ដោយបានហៅពាក្យបណ្តឹងនេះថាជា "ពាក្យបណ្ដឹងគ្មានមូលដ្ឋាន មិនសមហេតុផល និងគ្មានការទទួលខុសត្រូវ" ។

សកម្មជនសិទិ្ធមនុស្សជាច្រើនបាននាំគ្នាថ្កោលទោសមេដឹកនាំហ្វីលីពីន ដែលថ្មីៗនេះបានចាប់ផ្តើមយុទ្ធនាការប្រឆាំងនឹងក្រុមឧទ្ទាមកុម្មុយនីស្ត និងមានប្រវត្តិសាស្ត្រចាត់វិធានការចម្រូងចម្រាស់ប្រឆាំងនឹងអ្នកដែលគាត់ចាត់ទុកជាឧក្រិដ្ឋជន។

ក្រសួងយុត្តិធម៌របស់ប្រទេសនេះកាលពីពេលថ្មីៗនេះបានហៅបក្សកុម្មុយនិស្តហ្វីលីពីន (Communist Party of the Philippines) និងបក្សទ័ពប្រជាជនថ្មី (New People’s Army) ថាជាអង្គការភេរវកម្មផងដែរ៕

adverise with khmeread