អាជ្ញាធរក្រុងហាណូយសំណូមពរប្រជាជនឈប់ស៊ីសាច់ឆ្កែទៀតទៅ

ក្រុមមន្ត្រីក្រុងហាណូយកាលពីថ្ងៃអង្គារទី១១កញ្ញាបានជំរុញប្រជាពលរដ្ឋឱ្យឈប់ស៊ីសាច់ឆ្កែ ដោយនិយាយថា ម្ហូបដ៏ពេញនិយមនេះកំពុងធ្វើឱ្យខូចមុខមាត់ទីក្រុង និងបង្កហានិភ័យរីករាលដាលនៃជំងឺឆ្កែឆ្កួត។

សាច់ឆ្កែអាំង ដុត និងស្ងោរអាចរកទិញបាននៅគ្រប់ទីផ្សារនិងហាងលក់ម្ហូបអាហារនៅទូទាំងទីក្រុង ដែលល្បីល្បាញខាងអាហារតាមចិញ្ចើមថ្នល់នេះ ហើយសាច់ឆ្កែត្រូវបានបរិភោគតាមទម្លាប់ជាមួយស្រាឬស្រាបៀរ។

ប៉ុន្តែគណៈកម្មាធិការប្រជាជនក្រុងហាណូយកាលពីថ្ងៃអង្គារបានព្រមានប្រជាពលរដ្ឋឱ្យបញ្ឈប់ការស៊ីសាច់ឆ្កែដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្កែឆ្កួតនិងជំងឺដទៃទៀតទាក់ទងនឹងសត្វឆ្កែ។

ក្រុងហាណូយក៏បានជំរុញឱ្យពួកគេឈប់ស៊ីសាច់ឆ្មា ដែលមានរហស្សនាមថា "ខ្លាតូច" នៅលើមុខបញ្ជីអាហារវៀតណាមផងដែរ ដែលពុំសូវមានប្រជាប្រិយភាពដូចសាច់ឆ្កែទេ ប៉ុន្តែនៅតែអាចរកទិញបាននៅតាមតំបន់ជនបទ៕ 
 

adverise with khmeread