អធិការប៉ូលិសខណ្ឌពោធិ៍សែនជ័យ នឹងបើកការស្រាវជ្រាវលើករណីប្រជាពលរដ្ឋព័ទ្ធចាប់ជនសង្ស័យជាក្មេងស្រីម្នាក់លួចទូរស័ព្ទក្នុងផ្សារព្រៃទារ ហើយប្រើហិង្សាវាយនិងចាប់កោរសក់

​ភ្នំពេញ​ ​៖ លោកវរៈសេនីយ៍ យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា លោកនឹងឱ្យកូនចៅរបស់លោក ធ្វើការស្រាវជ្រាវលើកករណី ដែលបានកើតឡើងនៅក្នុងបណ្តាញសង្គម Facebook ដែលប្រជាពលរដ្ឋព័ទ្ធចាប់នារីម្នាក់ ដែលជាជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់គេ នៅក្នុងផ្សារព្រៃទារ ក្នុងខណ្ឌពោធិ៍សែនជ័យ ​រហូតមានការប្រើអំពើហិង្សាវាយតប់ និងចាប់កោរសក់ទៅលើនារីខាងលើ ដែលជាអំពើខុសទៅនឹងច្បាប់​។

​លោកអធិការបានបញ្ជាក់ថា ករណីនេះសមត្ថកិច្ចរបស់លោក កំពុងតែធ្វើការស្រាវជ្រាវដើម្បីឱ្យច្បាស់ថា ករណីនេះពិតជាកើតឡើងនៅក្នុងភូមិសាស្ត្ររបស់លោកពិតដែរឬទេ? ​ហើយបើពិតមែននោះ សមត្ថកិច្ចនឹងធ្វើការ ដោយយោងទៅលើការសាកសួរ ហើយប្រសិនជាមានការផ្ទុះហិង្សាទៀតនោះ គឺជាការ រំលោភទៅលើសិទ្ធិបុគ្គល។

​លោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យប្រើហិង្សានៅក្នុងករណីណាមួយដែលមិនទាន់ច្បាស់លាស់ ហើយប្រសិនបើជននោះ ជាជនសង្ស័យពិតមែន គួរតែដាក់ពាក្យបណ្តឹងទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីទុកឱ្យសមត្ថកិច្ចកសាងសំណុំរឿងទៅតុលាការវិញទើបត្រឹមត្រូវតាមច្បាប់។ 

​សូមបញ្ជាកថា​ យោងតាមបណ្តាញសង្គម Facebook ដែលគេបង្ហោះផ្អើលកាលពីថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៨ គឺមានប្រជាពលរដ្ឋព័ទ្ធចាប់នារីម្នាក់ ដែលជាជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទរបស់គេ នៅក្នុងផ្សារព្រៃទារ ក្នុងខណ្ឌពោធិ៍សែនជ័យ រហូតមានការប្រើអំពើហិង្សាវាយតប់​ ទាត់ធាក់​ និងចាប់កោរសក់ទៅលើនារីខាងលើ ជាការព្រមាន​៕

adverise with khmeread