អ្នករត់ម៉ូតូពេលយប់ម្នាក់ ត្រូវក្រុមចោរកាប់ចាក់សម្លាប់ប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ ៖ សាកសពបុរសម្នាក់ ត្រូវបានប្រជាការពារភូមិប្រទះឃើញ រួមនឹងវត្ថុតាងជាច្រើននៅលើដងផ្លូវ កាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍ ដែលមានចម្ងាយប្រមាណជា៣០០ម៉ែត្រ ចុះពីផ្លូវជាតិលេខ៣ ស្ថិតនៅភូមិគប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។ 

​សមត្ថកិច្ចនិយាយថា សាកសពឈ្មោះ ឡាញ់ វ៉ន អាយុ២៥ឆ្នាំ មានអាសយដ្ឋាន ភូមិដំណាក់ត្រយឹង ឃុំតាភែន ស្រុកឈូក ខេត្តកំពត បានបាត់បង់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសង់០១១ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1AU-4182​។ 

​តាមការពិនិត្យ និងកោសល្យវិច័យនៅកន្លែងកើតហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះ គឺដោយសារករណីកាប់ចាក់សម្លាប់ ដើម្បីប្លន់យកម៉ូតូ ​ក្នុងអំឡុងម៉ោង១០យប់ម៉ិញ ថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៨ ហើយអ្នកដែលធ្លាប់ស្គាល់ជនរងគ្រោះ បានប្រាប់ពីមុខរបរ របស់ជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុបពេលយប់​៕

adverise with khmeread