នាយប៉ូលិសប៉ុស្ដិ៍​​រដ្ឋបាលរ​កា​កោង​ទី១ ដេកស្លាប់ក្នុងប៉ុស្តិ៍គ្មានអ្នកដឹង

​កណ្ដាល៖ នាយប៉ូលិសប៉ុស្ដិ៍​​រដ្ឋបាលរ​កា​កោង​ទី១ ដេកស្លាប់ក្នុងប៉ុស្តិ៍​ បង្កការ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង​នៅ​ថ្ងៃ​សុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨ វេលា​ម៉ោង៤ និង៣០នាទី​ទៀបភ្លឺ នៅ​ចំណុច​ក្នុង​បន្ទប់​ប៉ុស្តិ៍​រដ្ឋបាលរ​កា​កោង​ទី១ ស្ថិត​ភូមិ​ពាម ឃុំ​រកា​កោង​ទី១ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ 

​មន្ដ្រីប៉ូលិស​ផ្នែក​បច្ចេកទេស​និង​កោសល្យវិច័យ​ស្រុក​មុខកំពូល​បាន​ឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ជឿន ហួន ភេទ​ប្រុស អាយុ៤៩ឆ្នាំ មុខរបរ​ជា​នាយប៉ូលិសប៉ុស្ដិ៍​​រដ្ឋបាលរ​កា​កោង​ទី១ មាន​ទីលំនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល​។

​មន្ដ្រីប៉ូលិសបន្តថា កន្លងមក​ជនរងគ្រោះ​ជា​មនុស្ស​មាន​ជម្ងឺ​ប្រចាំកាយ លើសឈាមនិងទឹកនោមផ្អែម ហើយ​តែង​មក​បំពេញការងារ​ភារកិច្ច​ជាប្រចាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ដែល​ខ្លួន​គ្រប់គ្រង​។ 

​លុះមកដល់​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលា​ម៉ោង​ប្រមាណ១រសៀល​ជនរងគ្រោះ​បាន​ត្រឡប់​មកពី​ប្រជុំ​វិញ​ជិះ​ម៉ូតូ​មក​ប៉ុស្តិ៍ ដោយបាន​ទុក​ម៉ូតូ​ដែល​ខ្លួន​ជិះ​នៅមុខ​រោង​លក់​បង្អែម​របស់​ឈ្មោះ ហាត់ ប៊ុន​ហុង ខាងមុខ​ប៉ុស្តិ៍ រួច​ចូលមក​ធ្វើការ​នៅ​ប៉ុស្តិ៍​ជាធម្មតា​។

​តាម​ការ​ឱ្យដឹង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ហាត់ ប៊ុន​ហុង ជា​អ្នកលក់​បង្អែម​នៅមុខ​ប៉ុស្ដិ៍​បាន​ឱ្យដឹងថា នៅវេលា​ម៉ោង១រសៀល ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ទុក​នៅផ្ទះ​របស់គាត់ រួច​ចូលទៅ​ប៉ុស្ដិ៍​រហូតមកដល់​ប្រមាណ៦ល្ងាច បានឃើញ​ប៉ុស្តិ៍​រដ្ឋបាល​ងងឹត​ពុំមាន​នរណាម្នាក់​បើកភ្លើង។ 

​ភ្លាមនោះ​គាត់​ក៏បាន​ដើរ​ឡើងទៅ​បើកភ្លើង ដោយបាន​ឮ​សម្លេង​ជនរងគ្រោះ​ដេក​ស្រ​ម៉ុកខ្លាំងៗ ។ បន្ទាប់ពី​បើកភ្លើង​រួច ក៏​ដើរ​ចេញពី​ប៉ុស្តិ៍​វិញ រហូតមកដល់​ម៉ោង១០យប់ រូបគាត់​ពុំ​ឃើញ​ជនរងគ្រោះ​មក​យក​ម៉ូតូ ខណៈនោះ​ឈ្មោះ រស់ សំអាត ជា​អ្នកលក់​គុយទាវ​នៅខាងមុខ​ប៉ុស្តិ៍​ក៏បាន​មក​យក​ម៉ូតូ​ទៅ​ទុក​ក្នុង​រោង​របស់គាត់​។ ដោយឡែក​មន្ត្រី​ប៉ុស្តិ៍​ពុំមាន​នរណាម្នាក់​នៅ​ប៉ុស្ដិ៍​ទេព្រោះ​ជាប់​ភារកិច្ច​ចេញ​ល្បាតនិង​ការពារ​គោលដៅ​ផ្សា​ររកា​កោង​។

​លុះ​មកដល់​វេលា​ម៉ោង៤ទៀបភ្លឺ ឈានចូល​ថ្ងៃទី១៤ ខែ​ឆ្នាំ​ដដែល ប្រជាពលរដ្ឋ​ឈ្មោះ រស់ សំអាត បាន​ងើប​មក​ដាំទឹក​លក់​គុយទាវ មិនឃើញ​ជនរងគ្រោះ​មក​យក​ម៉ូតូ​ជិះ​ទៅ​ផឹក​កាហ្វេ​នៅ​ផ្សា​ររកា​កោង​ដូច​សព្វដង មានការ​ឆ្ងល់​ក៏​បបួល​ប្រពន្ធ​ខ្លួន និង​ឈ្មោះ ម៉េង​លី​ដែល​លក់ដូរ​ក្បែរ​គ្នា​បាន​ដើរទៅ​មើល​នៅក្នុង​ប៉ុស្ដិ៍ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅក្នុង​បន្ទប់ ក្បាល​បែរ​ទៅ​កើត​ស្លៀក​ខោខ្លី ពណ៌​ក្រហម រុំ​ក្រ​មា​ពី​ក្រៅ​ពុំមាន​ពាក់អាវ ហើយ​មាន​កំអួត​ចេញ​តាម​មាត់​ទៀតផង រួច​ក៏មាន​ការ​ផ្អើល​ឆោ​ឡោ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ធ្វើការ​ពិនិត្យ​។

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ទទួលបាន​ព័ត៌មាន​រួច ភ្លាមនោះ​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រួច​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ករណី​ខ្យល់គរប្រាកដ​មែន ដោយ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យកត់សម្គាល់​ឡើយ​៕


 

adverise with khmeread