ជនសង្ស័យ​២នាក់ឪពុក​និង​កូនជនជាតិកូរ៉េត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅតុលាការ​

​ភ្នំពេញ​ ៖​ ​ជនសង្ស័យ​២នាក់ ឪពុក​និង​កូនជនជាតិកូរ៉េត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នពេញបញ្ជូនទៅតុលាការ​ នា​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធ​នឹង​ករណី​ឆបោក និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន អស់ប្រាក់​ជាង៧លាន​ដុល្លារ​អាមេរិក។

​សមត្ថកិច្ចនិយាយថា​  ជនសង្ស័យ​ទាំង២នាក់ ទី១.ឈ្មោះ ចូ ស៊ូ​ពិន (cho so in) ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិ​កូរ៉េខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ M36107313 និង​ទី២.ឈ្មោះ ចូ សាម​ហ្សុ​ង (cho Samsung) ភេទ​ប្រុស អាយុ៦០ឆ្នាំ ជា​ឪពុក មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ១៥ ផ្លូវ១១២៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ឥឡូវនេះ ជនសង្ស័យ​ទាំង២នាក់ ឪពុក​និង​កូន កំពុង​ត្រូវបាន​លោក​ព្រះរាជអាជ្ញារង សៀង សុខ ធ្វើការ​សាកសួរ​នៅឡើយ។

​ចំណែក​ជនរងគ្រោះ ដែល​ប្ដឹង​ជនជាតិ​កូរ៉េ​ទាំង២នាក់ មានឈ្មោះ ជិន ជី​ហុង (Jin zhehong) ភេទ​ប្រុស អាយុ៤៤ឆ្នាំ ជនជាតិ​ចិន ជា​ពាណិជ្ជករ តំណាង​ឱ្យ​ក្រុមហ៊ុន Shenyang Aiweiou Healfh Products Co,. ltd មាន​អាស័យដ្ឋាន​ផ្ទះ​លេខ២៧ ផ្លូវ​លេខ១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ 

​លោកអយ្យការ​អម​សាលាដំបូង បាន​ឱ្យដឹងថា ចំពោះ​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ចិន ដែល​បាន​ប្ដឹង​ជន​ស​ជាតិ​កូរ៉េ​ទាំង២នាក់ ពីបទ​ឆបោក​មាន​ទឹកប្រាក់ ចំនួន២៩២.០៤៥ដុល្លារ ប្រព្រឹត្តទៅ​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ២០១៦ និង​បទ​លួច​ទឹកប្រាក់ ចំនួន៧.២០៥.៨៨២ដុល្លារ ប្រព្រឹត្ត​ក្នុង​ឆ្នាំ២០១៧ និង​បទ​ក្លែង​ឯកសារ​សាធារណៈ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ។

​ប្រភពព័ត៌មាន បាន​ឱ្យដឹងថា កាលពី​ឆ្នាំ២០១៦ ក្រុមហ៊ុន​ចិន​ឈ្មោះ Shenyang ត្រូវ​ការទិញ​រថយន្ត​អាមេរិក ស៊េរី​ទំនើប១គ្រឿង​ម៉ាក LINCOLN NAVEGATOR Airforce one ឆ្នាំ២០១៧ ពី​ក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់​ទទួលភ្ញៀវ​ពិសេស ដែលមាន​តម្លៃ​ទីផ្សារ​ពេលនោះ ៣០០.០០០ដុល្លារ។

​ស្រាប់តែ​ពេលនោះ ឈ្មោះ ចូ ស៊ូ​ពិន ដែលជា​ជំនួយការ​ប្រធាន​ក្រុមហ៊ុន បាន​និយាយថា ឪពុក​របស់គាត់​ឈ្មោះ ចូ សាម​ហ្សុ​ង មាន​បទពិសោធ​ក្នុង​ការទិញ និង​នាំចូល​រថយន្ត​ក្នុងតម្លៃ​ទាប​ជាង​ក្រុមហ៊ុន Tianjing គឺ​ប្រហែលជា​តម្លៃ ២២២.០០០ដុល្លារ​ប៉ុណ្ណោះ។

​ពេលនោះ ក្រុមហ៊ុន​ដែល​កំពុង​កុម្ម៉ង់​ទិញ​បាន​ពន្យល់​អំពី​លក្ខណៈ​រថយន្ត ដែល​ត្រូវ​ទិញ គឺមាន​បំពាក់​ឧបករណ៍​ទំនើប និង​កញ្ចក់​កោង​គ្រាប់កាំភ្លើង​បាញ់​មិន​ចូល។ បន្ទាប់មក ពួកគេ​បាន​ឯកភាពគ្នា ហើយ​ក្រុមហ៊ុន​បាន​ផ្ទេរប្រាក់​ឱ្យ​ចំនួន៨ដង ស្មើនឹង​ទឹកប្រាក់​ចំនួន៣១៤.០០០ដុល្លារ ឱ្យ​ទៅ​ឈ្មោះ ចូ ស៊ូ​ពិន និង​ឈ្មោះ ចូ សាម​ហ្សុ​ង។

​លុះដល់​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ទើប​ពួកគេ​បាន​យក​រថយន្ត​ជជុះ​មួយគ្រឿង មាន​ភិនភាគ​ប្រហាក់ប្រហែល​នឹង​រថយន្ត ដែល​ក្រុមហ៊ុន​កុម្ម៉ង់​មក​​ឱ្យ។ ពេលនោះ ក្រុមហ៊ុន​មិន​ទទួលយក​ឡើយ ហើយ​ពួកគេ​ក៏បាន​និយាយថា នឹង​យក​រថយន្ត​ថ្មី​មក​ឱ្យ ហើយក៏​យក​រថយន្ត​ជជុះ​នោះ​ទៅវិញ​បាត់ រហូតដល់​ពេលនេះ។

​​ពេល​ឈ្មោះ ចូ ស៊ូ​ពិន ធ្វើជា​ជំនួយការ​របស់​នាយក​ក្រុមហ៊ុន បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មោះ ចូ សាម​ហ្សុ​ង ជា​ឪពុក បាន​លួច​ដក​សាច់​ប្រាក់សុទ្ធរ​បស់​ក្រុមហ៊ុន​អស់​ចំនួន៧.២០៥.៨៨២ដុល្លារ​ទៀត ហើយរ​ត់ទៅ​ប្រទេស​កូរ៉េ​វិញ​បាត់​។ ទើបតែថ្មីៗនេះ បុរស​ជនជាតិ​កូរ៉េ​ទាំង២នាក់ បានមក​រស់នៅ​ប្រទេស​កម្ពុជា​វិញ ដោយ​ទិញ​ខុន​ដូរ​រស់នៅ និង​ទិញ​រថយន្ត​ម៉ាក RANGE ROVER ពាក់​ស្លាក​លេខ ខ.ម មាន​អង្គរក្ស​ការពារ​ទៀត ទើប​ក្រុមហ៊ុន​រងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​ឱ្យសមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង៕

adverise with khmeread