ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់បុរស៣នាក់និង លើកលែងម្នាក់ក្នុងករណីប្រើអំពើហិង្សាដោយចេតនា លើនារីដែលលួចទ្រព្យសម្បត្តិអាជីវករនៅផ្សារព្រៃទា

​ភ្នំពេញ ៖ ក្រោយការសាកសួរអស់ជាច្រើនម៉ោងរបស់សមត្ថកិច្ចលើជនសង្ស័យចំនួន៤នាក់ នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ លោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ជាផ្លូវការលើជនសង្ស័យ៣នាក់ ពីបទប្រើប្រាស់អំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ​និងម្នាក់ទៀតអនុញ្ញាតឱ្យទៅលំនៅដ្ឋានវិញ​។ នេះបើតាមប្រសាសន៍របស់លោក វរៈសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ​។ 

​ប៉ូលិសនិយាយថា​ ជនត្រូវឃាត់ខ្លួនចំនួន៣នាក់ ទី១-ឈ្មោះ សុង ហេង ក្នុងសកម្មភាព ជាអ្នកកោរសក់​, ទី២-ឈ្មោះ ណាំង ណារិទ្ធ ជា ឪពុករបស់បុរស ឈ្មោះ សុង ហេង, ទី៣-ឈ្មោះ ហុក គឹមហ៊ន ភេទស្រី ជាម្ចាស់ទូរស័ព្ទ និងជាម្ដាយ របស់ សុង ហេង និង ទី៤-​ជនម្នាក់ ឈ្មោះ ឈួរ គឹមឡេង​ គ្រាន់ជាអ្នកបំភ្លឺ សមត្ថកិច្ចអនុញ្ញាតឱ្យវិលត្រឡប់ទៅវិញ​។

​សូមជម្រាបថា អាជីវករផ្សារព្រៃទាបានចាប់បាននារីវ័យក្មេង ម្នាក់ដែលបានបន្លំលួចយកទូរស័ព្ទរបស់អាជីវករ កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨​។ នៅពេលចាប់បាន ជនសង្ស័យទាំង៣ដែលកំពុងឃុំខ្លួននោះ បានវាយតប់ និងចាប់កោរសក់ ទោះជានារីជាចោរនោះលុតជង្គង់ លើកដៃសំពះសុំក្តីមេត្តាយ៉ាងណាក៏ដោយ​។ យ៉ាងណាក៏ដោយបន្ទាប់ពីចាប់កោរសក់រួច​ ពួកគេបានដោះលែងនាងត្រឡប់ទៅវិញ​ មិនដឹងជានាងទៅដល់ទីណានោះទេ។ 

​អំពើហិង្សាលើជនសង្ស័យជាចោរនេះ ត្រូវបានបង្ហោះជាសាធារណៈនៅលើ​សង្គមហ្វេសប៊ុក បានធ្វើឱ្យអ្នកមើលជាច្រើន មិនសូវខឹងចោរនោះទេ បែរជាខឹងអ្នកដែលរួមគ្នាប្រើអំពើហិង្សាលើចោរដែលជានារីទន់ខ្សោយ និងចាប់កោរសក់ថែមទៀត​។ មហាជនបានថ្កោលទោសនូវអំពើហិង្សាបែបអមនុស្សធម៌នេះ បើទោះនាងជាចោរក៏ដោយ​   ប៉ុន្តែនាងមិនទាន់បង្កហេតុបណ្តាលឱ្យមានមនុស្សគ្រោះថ្នាក់​ ហើយគឺមានច្បាប់ជាអ្នកកាត់សេចក្តីឱ្យនាងប៉ុណ្ណោះ​៕

   
 

adverise with khmeread
tiger
Loading ad ...