ប៉ងជះទឹកអាស៊ីតលើអតីតប្រពន្ធចុងត្រូវប៉ូលិសចាប់ខ្លួនជាមួយទឹកអាស៊ីតមួយដប

​ភ្នំពេញ​ ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​វាលវង់ឃាត់ខ្លួន ខណៈ​អង្គុយចាំ​ប៉ុន​ប៉ុង​ជះ​ទឹក​អាស៊ីដ ទៅលើ​ប្រពន្ធចុង ជា​លើក​ទី២ តែ​ត្រូវគេ​ឃើញ រាយការណ៍​ប្រាប់​សមត្ថកិច្ច ចុះ​មកសុំ​ឆែកឆេរ ឃើញ​មានទឹក​អាស៊ីដ​ក្នុង​កែវ​ជ័រ​មួយ ទុក​នៅលើ​ម៉ូតូ។

​ហេតុការណ៍នេះកើតឡើងកាលពី​វេលា​ម៉ោង១និង៣០នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុច​ជិត​ខារ៉ាអូខេយេ​ស ផ្លូវ១៤៣ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

​នារី​រងគ្រោះជា​ប្រពន្ធចុងសុំ​មិន​បញ្ចេញ​ឈ្មោះ មុខរបរ​ធ្វើការ​ខារ៉ាអូខេ មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ បានរៀបរាប់ប្រាប់ប៉ូលិសថា​ ​ជនសង្ស័យជាអតីត​ប្ដីឈ្មោះ ស៊ឺង អាយុ៥១ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ។ រូបគេ​ទាំងពីរ​នាក់​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា តែ​មិនបាន​ចុះ​អេ​តា​ស៊ីវិល​តាមច្បាប់​ទេ ដោយបាន​សែន​ព្រេង រួមរស់​ជាមួយគ្នា តែ​មិន​ចុះសម្រុង​គ្នា ដោយ​បុរស​ជា​ប្ដី​តែងតែ​ប្រើ​អំពើហិង្សា​ទៅលើ​នាង​ជាច្រើនលើក​ច្រើនសារ​ពេក ទើប​នាង​ទ្រាំ​មិនបាន ក៏​សម្រេចចិត្ត​លែងលះគ្នា ជាង១ឆ្នាំ​ហើយ។

​នារី​រងគ្រោះបន្តថា កាលពី​វេលា​ម៉ោង៧និង៣០នាទី​យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ មាន​ជនសង្ស័យ២នាក់ ជិះ​ម៉ូតូ​ឌ្រី​ម​សង់​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FQ-7840 ឌុប​គ្នា មក​ធ្វើ​សកម្មភាព​ជះ​ទឹក​អាស៊ីត មកលើ​រូបនាង នៅក្បែរ​ខារ៉ាអូខេ យេ​ស។ ​តែ​ចៃដន្យ​រូបនាង​លោត​គេចផុត ទឹក​អាស៊ីដ​ក៏​ខ្ទាត​ទៅ​ដំបូល​កង់​​បី​ឥណ្ឌា បណ្ដាល​ឱ្យរ​លួយ​ខ្ទេច ហើយ​ជនសង្ស័យ​ទាំង២នាក់​នោះ ក៏បាន​ជិះ​គេចខ្លួន ទើប​រូបនាង​បាន​យក​ទូរស័ព្ទ​ថត​បាន​ពី​ចម្ងាយ​ទុក​ដែរ ហើយ​រូបនាង​មិនបាន​ទៅ​ដាក់ពាក្យ​បណ្ដឹង​ទេ រួច​ក៏​ត្រឡប់ទៅផ្ទះ​វិញ​។ 

​នារី​រងគ្រោះ​បន្តថា លុះ​នៅវេលា​ថ្ងៃ​ម៉ោង១និង៣០នាទី រំលងអធ្រាត្រ​ឈានចូល​​ថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ មាន​នារី​ម្នាក់ ដែលជា​មិត្តភក្តិ​របស់​នាង បាន​តេ​ទូរស័ព្ទ​ប្រាប់​នាង​ថា ឃើញ​បុរស​ម្នាក់ ដែលជា​ប្ដី​របស់​នាង មក​អង្គុយចាំ​នៅលើ​ម៉ូតូ​ងាកមើល​ឆ្វេងស្ដាំៗ នៅ​ជិត​ខារ៉ាអូខេយេ​ស។  ដោយមាន​ការសង្ស័យ ទើប​ប្រាប់​នាង​ឱ្យ​ប្រុងប្រយ័ត្ន​ផង ឮដូច្នេះ​រូបនាង​ក៏បាន​ហៅ​ទូរស័ព្ទ​ទៅ​បងប្រុស​របស់​នាងឱ្យ​ជិះ​ទៅ​មើល​​។ 

​បន្ទាប់មក​បងប្រុសរ​បស់​នាង​បាន​ជិះ​ទៅ​មើល ឃើញ​បុរស​ដែលជា​ប្ដី​របស់​នាង កំពុង​អង្គុយ​ក្បែរ​រទេះ​លក់​សាច់គោ​អាំង ពិតប្រាកដ​មែន ទើប​រូបនាង​បាន​ហៅ​ទូរស័ព្ទ​ទៅ​លេខ ០១២ ៩៩៩ ៩៩៩ ដែលជា​លេខ​ប្រចាំ​បញ្ជា​របស់​ស្នងការ​ប៉ូលិសក្រុង រួច​រាយការណ៍​ប្រាប់​ពី​ដំណើររឿង មួយសន្ទុះ​ក្រោយ​ក៏​ឃើញ​កម្លាំង​ប៉ូលិសល្បាត​ប៉ុស្តិ៍នគរបាល​វាលវង់ បាន​ចុះ​មកដល់​រួច​ធ្វើការ​សាកសួរ ហើយ​សុំ​ឆែកឆេរ ឃើញ​មាន​ដប​ទឹក​អាស៊ីដ ទុក​នៅលើ​ម៉ូតូ របស់​បុរស​ដែលជា​ប្ដី​នោះ ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ យកទៅ​ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរបន្តតែម្ដង។ 

​ជនសង្ស័យបានឆ្លើយថា ទឹកអាស៊ីដដែលនៅលើម៉ូតូនោះ រូបគេបានទៅទិញនៅកន្លែងលក់អាគុយ បំណងយកមកគំរាមប្រពន្ធ ហើយសមត្ថកិច្ចក៏បានសួរទៀតថា តើកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ ម៉ូតូរបស់ខ្លួន ម៉ាកហុងដាឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FQ-7840 បានឱ្យអ្នកណាខ្ចីជិះទេ? ជនសង្ស័យបានឆ្លើយប្រកែកថា អត់ទេ៕


​     

adverise with khmeread