កែវយឹតប្រមាញ់ភពតម្លៃ ៣៣៧ លានដុល្លាររបស់អង្គការណាសារកឃើញភពផែនដីថ្មី២ នៅឆ្ងាយពីផែនដីយើង ៤៩ ឆ្នាំពន្លឺ

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កែវយឹតប្រមាញ់ភពដែលបង្កើតឡើងដើម្បីស្វែងរកពិភពលោកផ្សេងនៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង បានរកឃើញភពដ៏សែនឆ្ងាយចំនួនពីរនៅសប្តាហ៍នេះ ពោលគឺប្រាំខែគត់ បន្ទាប់ពីការបាញ់បង្ហោះកែវយឹតនេះចេញពីតំបន់ Cape Canaveral រដ្ឋផ្លរីដា។

កែវយឹត TESS របស់អង្គការណាសា បានរកឃើញភពពីរដំបូងគេ គឺ "ភពផែនដីយក្ស" និង "ភពផែនដីក្តៅ" នៅក្នុងប្រព័ន្ធព្រះអាទិត្យផ្សេងទៀត ដែលស្ថិតនៅឆ្ងាយពីផែនដីយើងយ៉ាងហោចណាស់ ៤៩ ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ=៩,៥លានលានគីឡូម៉ែត្រ) ដោយធ្វើឱ្យវាក្លាយជាការរកឃើញលើកដំបូងរបស់ផ្កាយរណបកែវយឹតនេះ ចាប់តាំងពីការបាញ់បង្ហោះកាលពីខែមេសា។

កែវយឹត TESS គឺជាបេសកកម្មរយៈពេលពីរឆ្នាំដែលមានទឹកប្រាក់ចំនួន ៣៣៧ លានដុល្លារដើម្បីពង្រីកការរុករកភពដទៃទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យផ្សេងដែលនៅឆ្ងាយៗ។

ខណៈដែលភពទាំងពីរមានភាពក្តៅខ្លាំងពេកមិនអាចទ្រទ្រង់ជីវិតបាន អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់របស់បេសកកម្ម TESS លោកស្រី Sara Seager រំពឹងថានឹងរកឃើញភពស្រដៀងគ្នានេះជាច្រើនទៀត។

លោកស្រីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា "យើងត្រូវរង់ចាំមើលថាតើកែវយឹត TESS នឹងរកឃើញអ្វីផ្សេងទៀត។ យើងពិតជាដឹងថាមានភពជាច្រើននៅទីនោះ រាយប៉ាយពេញផ្ទៃមេឃ គ្រាន់តែចាំមើលទាំងអស់គ្នាទៅថាវានឹងរកឃើញស្អីខ្លះ"៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត