ភ្នំពេញ ៖ ប៉ូលិសខណ្ឌដូនពេញបង្ក្រាបបានភ្លាមៗ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣ និង៣០នាទីរសៀលដោយឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចផ្លូវលេខR៦ កែងR៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីបានធ្វើសកម្មភាពជិះម៉ូតូឆក់កាបូបក្រវាត់ចង្កេះពីស្ត្រីម្នាក់តាមដងផ្លូវ។
ប៉ូលិសនិយាយថា ជនសង្ស័យទី១.ឈ្មោះ ម៉េង គ័ង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលាយុគន្ធរ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកឆក់កាបូប (ឃាត់ខ្លួន) និងទី២.ឈ្មោះ សេង ផាន់ស៊ុន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អ្នកបើកម៉ូតូ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GZ-1449 លេខតួ និងលេខម៉ាស៊ីន៥២៣៣៦៧៥ ជារបស់ជនសង្ស័យឈ្មោះ សេង ផាន់ស៊ុននិងកាបូបក្រវ៉ាត់ចង្កេះមួយ ពណ៌ទឹកប៊ិចខ្ចី ក្នុងនោះមានប្រាក់មួយលានរៀល ប្រគល់ឱ្យជនរងគ្រោះយកទៅប្រើប្រាស់វិញ។
ចំណែកជនរងគ្រោះឈ្មោះ យ៉ា សារ៉ស ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ត្រី ទីលំនៅផ្ទះលេខ១៧៦ ផ្លូវជាតិលេខ៥ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប៉ូលិសបន្តថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីរសៀល ជនរងគ្រោះបានជិះម៉ូតូជាមួយកូនស្រីចេញពីផ្ទះ ក្នុងគោលបំណងទៅផ្សារអូរឬស្សី ដើម្បីទិញអ៉ីវ៉ាន់ ពេលនោះបានធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស បត់តាមផ្លូវ១០៦ ទៅដល់ចំណុចផ្លូវលេខ១០៦ កែងផ្លូវR៥ ភូមិ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ (ឈ្មោះ សេង ផាន់ស៊ុន និងឈ្មោះ ម៉េង គ័ង) បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GZ-1449 មកអែមខាងស្តាំដៃជនរងគ្រោះ។ ភ្លាមនោះជនសង្ស័យឈ្មោះម៉េង គ័ង បានយកដៃខាងឆ្វេងលូកឆក់កាបូបក្រវាត់ចង្កេះពីជនរងគ្រោះបានសម្រេច។
ខណៈនោះ ជនរងគ្រោះបានស្រែកចោរៗផ្អើលឆោឡោ ដេញតាមពីក្រោយរហូតដល់ចំណុចផ្លូវR៥ កែងផ្លូវR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលើ នាំមកទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕
