រថយន្តវីហ្គោបើកបុកម៉ូតូស្លាប់បុគ្គលិកធនាគារជាតិម្នាក់, របួសម្នាក់រួចបើកគេចបាត់, តែពលរដ្ឋល្អថតស្លាកលេខរថយន្តបាន

​ភ្នំពេញ​ ៖ មេឃកំពុងភ្លៀងស្រាប់តែមានរថយន្ត  ហ៊ីលុច្ស វីហ្គោ មួយគ្រឿង ​បានបើកយ៉ាងលឿនទៅបុកម៉ូតូឌ្រីមសង់ បណ្តាលឱ្យបុរសម្នាក់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសបាក់ជើង យ៉ាងធ្ងន់ធ្ងរត្រូវបានសង្គ្រោះ​។ 

​គ្រោះថ្នាក់ខាងលើនេះ បង្កការភ្ញាកផ្អើលកើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃ​ទី ២៤ ខែ កញ្ញា ឆ្នាំ​២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ R6 (បឹងកក់) សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

​សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះ(សព)ឈ្មោះ សំ​ ស៊ាត ភេទប្រុស ​អាយុ៣០ឆ្នាំ ​ជនជាតិខ្មែរ ​មុខរបរធ្វើការនៅធនាគារជាតិនៃកម្ពុជា រស់នៅភូមិស្រែឫស្សី​ ឃុំអំពិលស្រុករមាសហែក   ខេត្តស្វាយរៀង។ ចំណែកអ្នករងរបួសមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

​តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញបុរស២នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរី២០១៧ សេ១២៥ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ  ភ្នំពេញ 1GD-5850 បើកតាមបណ្តោយផ្លូវ R៥ ទិសដៅពីលិចទៅកើត​។

​លុះមកដល់កន្លែងកើតហេតុខាងលើស្រាប់តែមានរថយន្តម៉ាក់ហ៊ីលុច្ស វីហ្គោ មួយគ្រឿងពណ៌ទឹកមាសពាក់ស្លាកលេខព្រះសីហនុ 2A-9777 បើក ​តាមបណ្តោយផ្លូវ R៦ ទិសដៅពីត្បូងទៅជើងយ៉ាងលឿន បានបុកជាមួយម៉ូតូយ៉ាងពេញទំហឹងផ្លោងខ្ទាតប្រហែល១០ម៉ែត្រ និងម៉ូតូខ្ទាតប្រហែល២០ម៉ែត្រ ​បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់បាក់ជើង ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យ និងម្នាក់ទៀតបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។  រីឯរថយន្តវិញព្យាយាមបើករត់គេចខ្លួនបាត់។ ក្រោយមកមានពលរដ្ឋល្អដេញថតបានស្លាកលេខរថយន្ត។

​ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញហើយនឹងស្រាវជ្រាវរកស្លាកលេខរថយន្តឱ្យមកធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់។ ចំណែកសាកសពសមត្ថកិច្ចយក រថយន្តដឹកសពយកទៅដំកល់នៅវត្តទឹកថ្លារង់ចាំសាច់ញាតិ​យកទៅធ្វើបុណ្យទៅតាមប្រពៃណី​៕

adverise with khmeread