ស៊យនុះស៊យ២ឆ្នាំមុនមិនព្រមលក់! នាង Shu Qi បង្ខំចិត្តលក់វីឡានៅហុងកុងទាំងខាត ខណៈទីផ្សារអចលនទ្រព្យថ្លៃបំផុតលើពិភពលោកចាប់ផ្តើមធ្លាក់ចុះ

នាង Shu Qi ដែលជាតារាសម្តែងទទួលបានប្រាក់ខែខ្ពស់បំផុតម្នាក់នៅប្រទេសចិន បានលក់វីឡា Tai Po របស់នាងទាំងខាតយ៉ាងច្រើនកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមអ្នកសង្កេតការទីផ្សារខណៈពួកគេរំពឹងថាតម្លៃផ្ទះនឹងធ្លាក់ចុះក្នុងរយៈពេល ១២ ខែទៀតដោយសារមានការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មដ៏យ៉ាប់យ៉ឺន និងការកើនឡើងអត្រាការប្រាក់ដ៏ខ្ពស់។

តារាចម្រៀង និងជាតារាម៉ូដែលតៃវ៉ាន់ និងហុងកុងរូបនេះបានលក់វីឡា ផ្ទៃក្រឡា ១៤៩ ម៉ែត្រការ៉េនៅក្នុងតំបន់អភិវឌ្ឍ Beverly Hills ក្នុងតម្លៃ ១៧,៦ លានដុល្លារហុងកុង (២,២ លានដុល្លារអាមេរិក) ដោយខាតអស់ ២,៤ លានដុល្លារហុងកុងពីតម្លៃដើមដំបូង ២០ លានដុល្លារហុងកុងកាលពី ២ ឆ្នាំមុន។

នាងទទួលរងការខាតបង់យ៉ាងហោចណាស់ ៧០ ម៉ឺនដុល្លារហុងកុង បើប្រៀបធៀបជាមួយតម្លៃ ១៨,៣ លានដុល្លារហុងកុងកាលពីឆ្នាំ ២០១១ ដោយមិនរាប់បញ្ចូលពន្ធ និងកម្រៃជើងសារ។

យោងតាមការស្ទង់មតិប្រចាំខែរបស់វិទ្យាស្ថាន Royal Chartered Surveyors ដែលមានអ្នកស្ទង់មតិចំនួន ៦៤ នាក់និងអ្នកពិគ្រោះយោបល់នៅក្នុងក្រុមហ៊ុនចំនួន ៣០ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថាតម្លៃផ្ទះត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ០,២ ភាគរយក្នុងរយៈពេល ១២ ខែខាងមុខនេះ។

តម្លៃផ្ទះនៅលើកោះហុងកុងត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ០,៩% និង ០,៣% នៅក្នុងដែនដីថ្មី។

លោក Sean Ellison អ្នកនិពន្ធរបាយការណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃវិទ្យាស្ថាននេះបាននិយាយថា "អ្នកស្ទង់មតិតាមតារាង នៅហុងកុងបានបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជុំវិញទីផ្សារផ្ទះនៅហុងកុងនៅខែសីហា"។

លោកបានសន្មត់ថាការផ្លាស់ប្តូរអារម្មណ៍របស់មនុស្សអំពីសង្គ្រាមពាណិជ្ជកម្ម និង អត្រាការប្រាក់ខ្ពស់ ជាបច្ច័យរួមចំណែកឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ។

ធនាគារកណ្តាលអាមេរិកត្រូវបានគេរំពឹងថានឹងបង្កើនអត្រាការប្រាក់នៅថ្ងៃព្រហស្បតិ៍ ដែលដាក់ឱ្យធនាគារក្នុងស្រុកស្ថិតនៅក្រោមសម្ពាធដើម្បីបង្កើនអត្រាការប្រាក់ដែលនឹងរឹតបន្តឹងហោប៉ៅរបស់អ្នកទិញ៕

adverise with khmeread