រឿងធំហើយលោកអធិការខណ្ឌមានជ័យ, កូនចៅចោទប្រកាន់ថាលោកកាងបទល្មើស​គ្រឿងញៀន, តែលោកបានបដិសេធទាំងស្រុង

​ភ្នំពេញ​ ៖​ ​លោក​ តេង​ ស៊ីណូ​ អធិការ​ប៉ូលិស​ខណ្ឌ​មានជ័យ​ បានបដិសេធ​ការ​ចោទប្រកាន់​របស់មន្ត្រីប៉ូលិសមួយរូបដែលជាកូនចៅរបស់លោក កាលពីម្សិលមិញ​ថា​« ពុំមានករណីបង្ក្រាបគ្រឿងញៀនប៉ះឆ្នាំងបាយថ្នាក់ដឹកនាំទេ។ មិនមែនជាការពិតនោះទេ​ វាបង្ក្រាបអីវា​ ​ហើយយកខ្លឹមសារយូរហើយមកបន្ថែមបន្ថយរូបភាពតាំងពីចុងឆ្នាំ២០១៦ បង្ហោះដោះសារយករួចខ្លួន។ លោកបានរៀបចំឯកសារដាក់ជូនលោកស្នងការដើម្បីសុំគោលការណ៍»។ 

​លោក​ កែវ​ រដ្ឋ​វិទ្យា​ ជា​ប៉ូលិស​មួយ​រូប​ក្នុង​ខណ្ឌ​មានជ័យ​ បានស្នើសុំ​ឱ្យ​ក្រសួង​មហាផ្ទៃ​ ក៏​ដូច​ជា​អគ្គស្នងការ​ប៉ូលិស​ជាតិ​ ចាត់​ការ​លើ​លោក​តេង​ ស៊ីណូ​ អធិការ​ប៉ូលិស​ខណ្ឌ​មានជ័យ​ ដែល​កាង​បទល្មើស​គ្រឿងញៀន​ និង​ ដោះលែង​ជនល្មើស​គ្រឿងញៀន​ជា​ថ្នូរ​នឹង​លុយរាប់​រយ​ដុល្លារ​។ ​

​លោក​អនុសេនីយ៍ទោកែវ​ រដ្ឋ​វិទ្យា​ លេង​គណនី​ហ្វេសប៊ុក​ឈ្មោះ​ «Vit Yea​» បាន សរសេរ​នៅ​យប់​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ២០១៨ ថា​ ខ្ញុំសូម​បដិសេធ​ទាំងស្រុង ដែលលោកអធិការ តេង ស៊ីណូ ដែលគាត់ ថាខ្ញុំផ្ទុះអាវុធ ដោយសារស្រវឹង​។

​លោកកែវ​ រដ្ឋ​វិទ្យា​ បន្តថា «ខ្ញុំសូមបញ្ជាក់ថា គោលដៅនេះជាតំបន់សំណង់មិនរៀបរយ សំបូរទៅដោយបទល្មើសគ្រឿងគ្រឿងញៀន និងកន្លែងបើកល្បែងស៊ីសងខុសច្បាប់ ជាពិសេសហ្គេមបាញ់ត្រី​។ មូលហេតុគឺ ខ្ញុំទទួល​ ព័ត៌មាន​ថាមានការជួញដូរគ្រឿងញៀន នៅទីនោះ ទើបខ្ញុំចុះទៅម្នាក់ឯង ឃើញជាក់ស្តែងក៏បានផ្ទុះអាវុធពិតប្រាកដមែន ព្រោះតែយប់ងងឹតនិងភូមិសាស្ត្រ​ស្មុគស្មាញ តែសំណាងអាក្រក់អីខ្ញុំត្រូវបាន អធិការរូប​នេះហៅមកសួរចម្លើយ ដោយចោទថាខ្ញុំទៅផ្ទុះអាវុធដោយគ្មានបទបញ្ជា ទៅវិញហើយត្រូវគាត់ស្តីបន្ទោសយ៉ាងខ្លាំង»។

​លោក​ កែវ​ រដ្ឋ​វិទ្យា​ បន្ត​ថា «ធាតុពិតគឺកន្លែងដែលខ្ញុំផ្ទុះអាវុធនោះគឺ មិនត្រឹមតែជាតំបន់គ្រឿងញៀនទេ វាមានទីតាំងហ្គេមបាញ់ត្រី ដែលជាទីតាំងដែលផ្តល់ផលប្រយោជន៍ឱ្យមេប៉ុស្តិ៍ និង​ អធិការ ទើបខ្ញុំត្រូវគេស្តីបន្ទោសយ៉ាងចាស់ដៃបែបនេះ និងត្រូវបានគាត់គំរាមថាចង់សុខ ឬចង់មានរឿង ព្រមទាំងឱ្យខ្ញុំលុបថាមិនមានបទល្មើសគ្រឿងញៀននៅតំបន់នោះទេ និងត្រូវសរសេរសារសុំទោសជាសាធារណៈវិញថាមិនមាន​បទល្មើសគ្រឿងញៀនទេវាជាការយល់ច្រឡំទេ»។

​លោកក៏បានអំពានាវថា​ «ខ្ញុំសូមឱ្យថ្នាក់លើក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការ​ប៉ូលិសជាតិជួយរកយុត្តិធម៌ដល់រូបខ្ញុំផង ហើយសូមឱ្យថ្នាក់លើចុះស៊ើបអង្កេតថាតើម្តុំនឹងជាតំបន់អ្វី? មានអ្វី ខ្លះ? ហើយសុខៗខ្ញុំទៅកន្លែងនឹងធ្វើអី បើគ្មានព័ត៌មានច្បាស់នោះ​។ គាត់ថាជារូបចាស់ គឺពិតជារូបចាស់មែន ​តែខ្ញុំគ្រាន់តែចង់បង្ហាញពីស្នាដៃដែលខ្ញុំខំប្រឹងប្រែងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រខណ្ឌមានជ័យកន្លងមកតែប៉ុណ្ណោះ»។

​លោកបន្តថា​ ប្រហែលជា១ខែមុន ថ្ងៃមិនចាំ រូបខ្ញុំផ្ទាល់បានកសាងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចមុខ​សាលាមតេយ្យក្នុងសង្កាត់ស្ទឹងមានជ័យ២​ ដោយបានឃាត់ខ្លួនមនុស្ស៥នាក់ ប្រុស៣ ស្រី២​ ម៉ូតូស្កុបពីពណ៌សនិងភស្តុតាងថ្នាំញៀនចំនួន៣ហ៊ុន យកទៅសាកសួរនៅប៉ុស្តិ៍ស្ទឹងមានជ័យ២​ ហើយត្រូវគេដោះលែងដោយសម្ងាត់ ជាថ្នូរនិងទឹកប្រាក់៤៥០ដុល្លារ​ ដោយរូបខ្ញុំជាអ្នកបង្ក្រាបមិនបាន​ដឹងទាល់តែសោះ។ទាល់តែជិះជួបពួកជនល្មើសតាមផ្លូវវិញ ទើបដឹងថាគេលែងបាត់​។ ដោយក្នុងនោះខ្ញុំដឹងថា មេប៉ុស្តិ៍យកទៅចែកគ្នាជាមួយអធិការ​។ ករណីនេះសូមថ្នាក់ដឹកនាំទាំងអស់ជួយស៊ើបអង្កេតករណីនេះផង​។

​ប៉ុន្តែទោះយ៉ាងណា​ លោក​ តេង​ ស៊ីណូ​ អធិការ​ប៉ូលិស​ខណ្ឌ​មានជ័យ​ បដិសេធ​ការ​ចោទប្រកាន់​នេះទាំងស្រុង​៕


 

adverise with khmeread