និន្ននាការស្រាតខោបញ្ចេញកំប៉េះគូទដាក់តំបន់បេតិកភណ្ឌបុរាណកំពុងកក្រើកនៅស្រីលង្កា, ប៉ូលិសចាប់ខ្លួនបាន៣នាក់

ប៉ូលិសស្រីលង្កាបានចាប់ខ្លួនបុរស ៣ នាក់ ដែលស្ថិតក្នុងចំណោមក្រុមដែលថតរូបស្រាតចេញកំប៉េះគូទនៅតំបន់បេតិកភណ្ឌបុរាណរបស់ប្រទេសនេះ។

បុរសវ័យក្មេងស្រីលង្កាទាំងនោះ បានបង្ហោះរូបភាពអាក្រាតល្វែងក្រោមរបស់ពួកគេផ្ទាល់នៅតំបន់ Pidurangala Rock មកបង្ហោះនៅលើហ្វេសប៊ុក។

របាយការណ៍នេះបានជំរុញឱ្យមានប្រតិកម្មខឹងពីមនុស្សដែលចាត់ទុកថាជាការប្រមាថសាសនា។ នេះជាការរាយការណ៍របស់ Azzam Ameen របស់ BBC Sinhala នៅរដ្ឋធានី Colombo។

រូបថតស្រដៀងគ្នានេះត្រូវបានបង្ហោះនៅលើ Instagram ដោយជនបរទេសដែលមិនត្រូវបានចាប់ខ្លួនទេ។

ការចាប់ខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ព្រះសង្ឃមួយអង្គ ដែលអះអាងថារូបថតដែលថតនៅខាងក្នុងនៃបន្ទាយថ្ម Sigiriya ដែលជាបេតិកភណ្ឌពិភពលោកយូណេស្កូ គឺជាការប្រមាថសាសនា។

នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe ក៏បានបញ្ជាឱ្យប៉ូលិសធ្វើការស៊ើបអង្កេតផងដែរ។

រូបថតដែលថតដោយអ្នកធ្វើដំណើរបរទេសត្រូវបានបង្ហោះនៅទំព័រ Instagram របស់ Cheeky Exploits ជាគណនីមួយដែលលើកទឹកចិត្តមនុស្សឱ្យថតរូបស្រាតល្វែងក្រោមនៅទីតាំងដ៏ល្បីនៅជុំវិញពិភពលោក។

ខណៈពេលដែលមនុស្សជាច្រើនបានសរសើរប៉ូលិសសម្រាប់ការធ្វើសកម្មភាពចាប់ខ្លួននេះ អ្នកខ្លះទៀតបានរិះគន់អំពីរឿងនេះ។

អ្នកលេងហ្វេសប៊ុកម្នាក់បាននិយាយថា "នៅពេលដែលកូនៗ និងប្រពន្ធរបស់យើងត្រូវបានគេចាប់រំលោភ ប៉ូលិសស្រីលង្កាមិនបានធ្វើអ្វីសោះ។ ពួកគេហាក់ដូចជាមិនធ្វើសកម្មភាពបែបនេះទេ"។

អ្នកលេងបណ្ដាញសង្គមបាននាំគ្នាឆ្ងល់ថា ហេតុអ្វីបានជាប៉ូលិសធ្វើសកម្មភាពតែលើអ្នកល្មើសក្នុងស្រុក និងមិនចាប់ជនបរទេសដែលស្រាតនៅតំបន់បេតិកភណ្ឌបុរាណនោះដែរ៕
 

adverise with khmeread