កុំព្យូទ័រ Apple-I ចេញដំបូងគេបំផុតនៅប្រើការបាន លក់បាន ៣៧៥.០០០ ដុល្លារ នៅក្នុងការលក់ដេញថ្លៃ

កុំព្យូទ័រ Apple-I មួយគ្រឿង ដែលជាផលិតផលដំបូងគេបង្អស់ដែលផលិតដោយក្រុមហ៊ុនកុំព្យូទ័រយក្ស Apple បានលក់ក្នុងតម្លៃ ៣៧៥.០០០ ដុល្លារនៅក្នុងការលក់ដេញថ្លៃមួយ។

ម៉ាស៊ីននេះត្រូវបានរចនាឡើងដោយលោក Steve Wozniak ដែលត្រូវបានគេស្គាល់ថាជាលោក Woz ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Apple ។

ដៃគូពាណិជ្ជកម្មរបស់គាត់គឺលោក Steve Jobs បានបញ្ចុះបញ្ចូលគាត់ឱ្យខ្ចប់ និងលក់ម៉ាស៊ីននេះ។ ហើយវាត្រូវបានដាក់លក់ដំបូងនៅឆ្នាំ ១៩៧៦ ក្នុងតម្លៃ ៦៦៦,៦៦ ដុល្លារ។

វា គឺជាកុំព្យូទ័រមួយនៃម៉ូដែលដែលដំណើរការយ៉ាងពេញលេញ ដែលនៅសេសសល់ដល់សព្វថ្ងៃនេះ។

លោក Wozniak បាននិយាយតាមអ៊ីម៉ែលផ្ញើទៅកាន់ BBC កាលពីថ្ងៃអង្គារថា "Apple-I គឺមានភាពទន់ខ្សោយខ្លាំងបើធៀបនឹង Apple-II។ ប៉ុន្តែកុំព្យូទ័រ Apple-I នេះបានបង្ហាញរូបមន្តសម្រាប់កុំព្យូទ័រដែលមានប្រយោជន៍ស្រួលប្រើមួយ"៕
 

adverise with khmeread