មិននឹកស្មាន! លោកត្រាំមានរថយន្តពាសដែកថ្មី ១៥ គ្រឿងដាក់ពាសពេញប្រទេសទុកជិះលិចកើត បើមើលលក្ខណៈសម្បត្តិវិញពិសេសហួសថ្លែង

ប្រធានាធិបតីអាមេរិកជាច្រើនរូបសុទ្ធតែធ្លាប់មានប្រវត្តិត្រូវគេលបបាញ់ប្រហារ។ វាជាអ្វីដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សុទ្ធតែបានដឹង។  ប៉ុន្តែវិសាលភាពដែលពួកគេត្រៀមដើម្បីរក្សាសុវត្ថិភាពអគ្គមេបញ្ជាការកំពូលរបស់ខ្លួន គឺមើលឃើញច្បាស់ក្រឡែតនៅក្នុងរថយន្តថ្មី Cadillac សម្រាប់ប្រធានាធិបតី។

រថយន្តរហស្សនាម The Beast (សត្វមានអំណាច ឬ រាជសីហ៍) ដ៏អស្ចារ្យនេះត្រូវបានបង្កើតឡើងយ៉ាងប្រិតប្រៀងបំផុត។

ដោយមានទម្ងន់ជិត ១០ តោន គេមិនឆ្ងល់នោះទេថាហេតុអ្វីបានជាវាមានរហស្សនាមបែបនេះ។ រថយន្តប្រភេទនេះចំនួន ១៥​ គ្រឿងត្រូវបានកុម្ម៉ង់ផលិតឡើងដើម្បីដាក់ពង្រាយទូទាំងប្រទេស សម្រាប់ដឹកលោក ដូណាល់ ត្រាំ។

ខណៈផ្នែកខាងក្រៅមានពណ៌ខ្មៅសុទ្ធដ៏រលើបរលោង រថយន្តនេះមានជញ្ជាំងពាសដែកការពារកម្រាស់ ២០ សង់ទីម៉ែត្រ។ តួខ្លួនទាំងមូលរបស់វាត្រូវបានផលិតចេញពីសមាសធាតុដែកថែប សេរ៉ាម៉ិច និង បន្ទះពាសដែក Kevlar រួមជាមួយនឹងសារធាតុធន់នឹងគ្រាប់កាំភ្លើង និងការឆក់ចរន្តអគ្គិសនី។

បង្អួចកញ្ចក់គឺមានកម្រាស់ ១៣ សង់ទីម៉ែត្រ ដែលផលិតពីស្រទាប់កញ្ចក់និងប្លាស្ទិកការពារគ្រាប់យ៉ាងរឹងមាំ។

រថយន្តនេះក៏ត្រូវបានឃ្លុបជិតឈឹងផងដែរដើម្បីទប់ទល់នឹងការវាយប្រហារដោយសារធាតុគីមី។ សំបកកង់គឺជាប្រភេទកង់មិនចេះបែក។ អ្នកបើកបរគឺមានប្រព័ន្ធមើលឃើញពេលយប់។ កំប៉ុងផ្សែងជាច្រើនត្រូវបានទុកក្នុងរថយន្តដើម្បីបង្ហុយវាឡើងដើម្បីបំបាំងកាយរថយន្ត ហើយវាក៏អាចបង្ហូរប្រេងលើថ្នល់ផងដែរដើម្បីធ្វើឱ្យថ្នល់រអិល រំខានដល់រថយន្តដែលបើកដេញតាមពីក្រោយ។

រាល់ទម្រង់នៃការវាយប្រហារភេរវកម្មទាំងអស់ត្រូវបានគិតគូរជាស្រេចនៅក្នុងរថយន្តនេះ។ ប៉ុន្តែវាមិនអាចការពារលោកប្រធានាធិបតីបានទេ នៅពេលគាត់ចេញទៅក្រៅរថយន្ត។

ទោះយ៉ាងណា ប្រសិនបើរងរបួស គេអាចសែងលោកត្រាំចូលទៅខាងក្នុងវិញ ព្រោះមានឧបករណ៍បរិក្ខារពេទ្យត្រៀមរួចជាស្រេចសម្រាប់សង្គ្រោះបន្ទាន់។ នោះរួមមានទាំងឈាមត្រូវគ្នាជាមួយនឹងប្រភេទឈាមលោកត្រាំជាច្រើនប្លោកក្លាសេក្នុងទូទឹកកក។

ហេតុដូច្នេះហើយ ទើបផ្នែកខាងក្នុងដ៏ប្រណីតរបស់វាគឺជាអ្វីៗគ្រប់យ៉ាងដែលប្រធានាធិបតីរំពឹងចង់បាន។

គេនិយាយថា ក្នុងរថយន្តនេះអាចដាក់អង្គរក្សប្រដាប់អាវុធបាន ៧ នាក់។ ហើយក៏មានឧបករណ៍ទំនាក់ទំនងនិងអេឡិកត្រូនិកការពារសុវត្ថិភាពជាច្រើនផងដែរ ដែលដំណើរការទៅបានដោយគ្រាន់តែលោកប្រធានាធិបតីចុចប៊ូតុងមួយប៉ុណ្ណោះ។

រថយន្តថ្មីរបស់ប្រធានាធិបតីអាមេរិកហាក់នាំអាថ៍ឱ្យមេដឹកនាំដទៃទៀតជ្រួលជ្រើមចង់បានវាជិះដូចគាត់ដែរ។

ថ្មីៗនេះលោកវ៉្លាឌីមៀរ ពូទីនបានទទួលរថពាសដែកថ្មីដែលផលិតឡើងដោយរុស្ស៊ីផ្ទាល់។ ហើយលោកស៊ី ជីនពីងបានអួតរថយន្តពាសដែកថ្មីផលិតក្នុងស្រុកចិន អំឡុងទស្សនកិច្ចទៅអាហ្វ្រិកថ្មីៗនេះដូចគ្នាដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត