វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាជិត ៣០ នាក់ប្តូរវេនគ្នាសង្គ្រោះចលនាបេះដូង (CPR) រយៈពេល៥ម៉ោងដើម្បីជួយក្មេងជិតស្លាប់ម្នាក់នៅចិន

ក្រុមវេជ្ជសាស្ត្រនៅក្នុងប្រទេសចិនអាចរក្សាជីវិតក្មេងប្រុសជិតស្លាប់ម្នាក់ ដោយប្តូរវេនគ្នាសង្គ្រោះចលនាបេះដូង (CPR) ទៅលើក្មេងនេះរយៈពេល៥ម៉ោងជាប់គ្នា។

អ្នកជំងឺឈ្មោះ Xiao Yu អាយុ ៨ ឆ្នាំបានកើតជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ នៅពេលដែលឪពុកម្តាយបានបញ្ជូនកូននេះទៅកាន់មន្ទីរពេទ្យកុមារក្រុងឆាងចូវក្នុងទីក្រុងឆាងចូវ ខេត្តជាំងស៊ូ។

ស្ថានភាពជំងឺរបស់កូននេះហាក់ដូចជាកាន់តែយ៉ាប់យ៉ឺននិងត្រូវការចាំបាច់នូវឧបករណ៍ល្អប្រសើរជាងនេះ ដែលមានតែមន្ទីរពេទ្យទំនើបៗ នៅក្នុងទីក្រុងប៉ុណ្ណោះទើបអាចផ្តល់ជូនបាន។ វេជ្ជបណ្ឌិតបានស្នើឱ្យបញ្ជូនកូននេះទៅព្យាបាលនៅទីក្រុងសៀងហៃ។

ដើម្បីជួយសង្រ្គោះ Xiao Yu គឺទាមទារឱ្យមានការព្យាបាលដែលផ្តល់អុកស៊ីសែនពីខាងក្រៅ (ECMO) ដែលពាក់ព័ន្ធនឹងប្រព័ន្ធទ្រទ្រង់ជីវិត ដែលដាក់អុកស៊ីសែនទៅក្នុងឈាមរបស់អ្នកជំងឺនិងជួយគ្រប់គ្រងការងារសង្គ្រោះចង្វាក់បេះដូងនិងសួត។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលក្មេងប្រុសរូបនោះកំពុងរង់ចាំការផ្ទេរទៅសង្គ្រោះនៅសៀងហៃកាលពីសប្តាហ៍មុន សម្ពាធឈាមរបស់ក្មេងបានធ្លាក់ចុះហើយបេះដូងឈប់ដើរ នៅពេលក្មេងនេះមានជំងឺប្រកាច់ ដោយសារការរលាកសាច់ដុំបេះដូង។

យោងតាមព័ត៌មានលម្អិតដែលចេញដោយមន្ទីរពេទ្យ ថតបេះដូងខាងឆ្វេងរបស់ក្មេងប្រុសនេះស្ទើរតែបាត់បង់សមត្ថភាពក្នុងការបូមឈាម ដោយនាំឱ្យវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាជិត ៣០ នាក់ធ្វើការសង្គ្រោះចង្វាក់បេះដូងឡើងវិញកាលពីថ្ងៃព្រហស្បតិ៍។

ក្នុងរូបភាពដែលលេចឡើងពេញអនឡាញនេះ បុគ្គលិកមន្ទីរពេទ្យបានឈរតម្រង់ជួរគ្នាក្បែរគ្រែរបស់ Xiao Yu និងប្តូរវេនគ្នាសង្គ្រោះចលានាបេះដូងដោយសង្កត់ដើមទ្រូងចំនួនសរុប ៣០.០០០ ដង។

ការប្រឹងប្រែងនេះបានអនុញ្ញាតឱ្យឈាមរបស់ក្មេងប្រុសបន្តហូរទៅខួរក្បាល និងរក្សាជីវិតរបស់ក្មេងនេះបានរហូតអាចឈានដល់ការព្យាបាល ECMO៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត