តិចច្រឡំឋានសួគ៌បូកគោ...តាមពិតជាភូមិមួយនៅភាគឦសានប្រទេសថៃទេ

ស្ថិតនៅលើផ្លូវតភ្ជាប់ទីក្រុងទេសចរណ៍ Pai ជាមួយនឹងទីក្រុង Mae Hong Son នៃខេត្ត Mae Hong Son គឺមានហាងកាហ្វេនិងគុយទាវទូកដ៏ស្រស់ស្អាតមួយដែលអ្នកអាចញ៉ាំអាហារនៅលើកៅអីព្យួរលើពពក ដោយសំយ៉ុងជើងចុះក្រោមដោយសេរី។

នេះជាហាងឈើដ៏សាមញ្ញមួយ ដែលមានលក់គុយទាវទូកក្នុងតម្លៃត្រឹមតែ ៣៥ បាតក្នុងមួយចាន (១ដុល្លារ) តែវាមានទេសភាពកម្រិតផ្កាយ ៥។ ហាងកាហ្វេដែលមានឈ្មោះថា Guaytiew Chom View គឺជាផ្នែកមួយនៃភូមិ Ban Jabo ដែលសម្បូរប្រជាជនកុលសម្ព័ន្ធ Lahu រស់នៅ ហើយភាគច្រើននៃពួកគេនៅតែស្លៀកពាក់ឈុតប្រពៃណី។

ទោះបីគ្មានហាងលើពពកនេះក៏ដោយ ក៏ភូមិនេះនៅតែមានតម្លៃក្នុងការទស្សនាព្រោះអ្នកទេសចរនិយាយថាវាហាក់ដូចជាការដើរត្រឡប់ទៅសម័យបុរាណយ៉ាងអ៊ីចឹង។ ទោះបីជាមានភ្លើងអគ្គីសនីនិងកន្លែងផ្តល់សេវាអ៊ីនធឺណេត WiFi នៅកន្លែងខ្លះក្តី ក៏ប៉ុន្តែភាគច្រើនបំផុតនៃភូមិនេះគឺជាផ្ទះឈើចាស់ៗ សត្វពាហនៈរត់ប្រសាចពេញផ្លូវ ហាងម្ហូបអាហារនិងហាងលក់វត្ថុអនុស្សាវរីយ៍តូចៗមួយចំនួន ហាងកាហ្វេនិងគុយទាវទូកមួយ។

ប្រសិនបើអ្នកចូលចិត្តជីវិតបែបស្រុកស្រែ អ្នកអាចស្នាក់នៅមួយយប់នៅក្នុងភូមិជាមួយផ្ទះជួលប្រហែល ១០ កន្លែងដែលអាចរកបាន ក្នុងតម្លៃប្រហែល ១០០ បាត (៣ដុល្លារ) ក្នុងម្នាក់។ ចំណុចសំខាន់គឺថា គេមិនងាយកក់ផ្ទះស្នាក់នៅជាមុននោះទេ ដូច្នេះអ្នកប្រហែលជាត្រូវបង្ហាញមុខផ្ទាល់ ហើយដើរសួរតាមផ្ទះនីមួយៗ។ សំណាងល្អ ភូមិ Ban Jabo មិនសូវមានគេកក់ញឹកញាប់នោះទេ ប៉ុន្តែបើមានគេកក់ពេញ អ្នកប្រហែលជាត្រូវដេកនៅរានហាលក្រៅផ្ទះ។

ដើម្បីរកភូមិនេះឃើញ អ្នកត្រូវជិះតាមផ្លូវ Pai Road ប្រហែល ១ ម៉ោងកន្លះ បន្ទាប់ពីអ្នកចាកចេញពីទីប្រជុំជន រួចបើកបរ ៤ គីឡូម៉ែត្រទៀតតាមផ្លូវលេខ ១០៩៥ ដើម្បីទៅដល់ភូមិ Ban Jabo ហើយដំណើរចុងក្រោយរបស់អ្នកទៅកាន់ហាងលក់គុយទាវទូកដ៏ស្រស់ស្អាតនេះគឺតាមរយៈថ្មើរជើង៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត