Ronaldo ចេញមុខបដិសេធហើយថា ការចោទប្រកាន់គាត់ចាប់រំលោភតារាបង្ហាញម៉ូតអាមេរិក គឺជា "ដំណឹងក្លែងក្លាយ"

Cristiano Ronaldo បានច្រានចោលការចោទប្រកាន់ពីសំណាក់ស្ត្រីអាមេរិកម្នាក់ដែលចោទប្រកាន់ថានាងត្រូវបានកីឡាករបាល់ទាត់ព័រទុយហ្គាល់រូបនេះចាប់រំលោភកាលពីឆ្នាំ ២០០៩។

នៅក្នុងវីដេអូ Instagram កីឡាករ Ronaldo បាននិយាយថា "ពួកគេចង់ផ្សព្វផ្សាយខ្លួនឯងដោយប្រើប្រាស់ឈ្មោះរបស់ខ្ញុំ។ វាជារឿងធម្មតា"។

មេធាវីរបស់រ៉ូណាល់ដូនិយាយថា ពួកគេនឹងប្តឹងទស្សនាវដ្តី Der Spiegel របស់អាល្លឺម៉ង់ដែលបានរាយការណ៍អំពីការចោទប្រកាន់នេះមុនគេ។

ទស្សនាវដ្តីនេះបានសរសេរថា នាង ខាទ្រីន ម៉ាយ័រហ្គា (Kathryn Mayorga) បានអះអាងថា រ៉ូណាល់ដូ អាយុ ៣៣ ឆ្នាំបានរំលោភនាងនៅក្នុងបន្ទប់សណ្ឋាគារមួយនៅឡាសវេហ្គាស។

នាង ម៉ាយ័រហ្គា អាយុ ៣៤ ឆ្នាំត្រូវបានគេរាយការណ៍ថាបានដាក់ពាក្យបណ្តឹងអំពីការរំលោភសេពសន្ថវៈជាមួយប៉ូលិសក្រុងឡាសវេហ្គាសភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុដែលបានចោទប្រកាន់នេះ។

ក្នុងឆ្នាំ ២០១០ នាងត្រូវបានគេរាយការណ៍ថាបានឈានដល់ការដោះស្រាយក្រៅផ្លូវការជាមួយរ៉ូណាល់ដូពាក់ព័ន្ធនឹងការបង់ប្រាក់ចំនួន ៣៧៥.០០០ ដុល្លារសម្រាប់ការយល់ព្រមមិនទម្លាយការចោទប្រកាន់នេះជាសាធារណៈ។

មេធាវីរបស់នាងកំពុងស្វះស្វែងរកការប្រកាសថា កិច្ចព្រមព្រៀងដែលមិនបានលាតត្រដាងនេះគឺចាត់ទុកជាមោឃៈ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេធាវីរបស់រ៉ូណាល់ដូ លោក គ្រីស្ទាន សឺត បាននិយាយថា "របាយការណ៍នៅក្នុងទស្សនាវដ្តី Spiegel គឺខុសច្បាប់យ៉ាងច្បាស់ក្រឡែត"។

គាត់បានបន្ថែមថា គាត់ត្រូវបានណែនាំឱ្យស្វែងរកប្រាក់សំណងសម្រាប់ "ការខូចខាតផ្លូវចិត្ត" ជុំវិញ "ការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតមួយទៅលើសិទ្ធិផ្ទាល់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ"៕ 
 

adverise with khmeread