ខឹងប្តីជិះម៉ូតូ មកផ្ទះមុនត្រូវចោរភ្ជង់កាំភ្លើងប្លន់យកម៉ូតូ

     ភ្នំពេញ ៖ នារីម្នាក់មានជម្លោះជាមួយប្តី ខឹងពេកជិះម៉ូតូត្រឡប់មកផ្ទះ វិញ ត្រូវបានចោរមួយក្រុមធ្វើសកម្មភាពបើកកៀរឲ្យដួល រួចដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូពីនារីរងគ្រោះយកទៅបាត់ ហើយរបួសរលាត់ដៃជើងខណ:ពេលដួលម៉ូតូ ។
    អំពើប្លន់ខាងលើនេះកើត ឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ផ្លូវបេតុង ព្រៃសរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
    ជនរងគ្រោះមានឈ្មោះ ចាន់ ណារី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមន្ត្រីពន្ធនាគារព្រៃសរ (ម១) ស្នាក់នៅក្នុងបន្ទាយ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ  ។បាត់បង់ម៉ូតូម៉ាកZOOMER.Xពណ៌លឿង អត់មានស្លាកលេខ។
     ប៉ូលិសបន្តថា មុនពេលកើតហេតុ នារីរងគ្រោះនិងប្តីរបស់នាងបាននាំគ្នា ទៅលេង ហ្គេមនៅផ្សារផ្លាស្សានៅសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ពេលនោះនារីរងគ្រោះ និងប្តីរបស់នាងបានឈ្លោះប្រកែកគ្នា ធ្វើឲ្យរូបនាងខឹង ក៍បានជិះម៉ូតូ ដែលទើបនឹងទិញ ចេញមកមុនដោយធ្វើដំណើរតាមផ្លូវបេតុងព្រៃសទិសដៅពីកើតទៅលិច គោលបំណងត្រឡប់ទៅផ្ទះវិញ ។ លុះដល់ចំណុចកើតហេតុ ក៍ស្រាប់តែមានបុរស៤ទៅ៥នាក់ ជិះម៉ូតូ៤គ្រឿង មិនចាំម៉ាក និងពណ៌ បានជិះមកកៀរម៉ូតូរបស់នាង ឲ្យដួលរួចដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក ភ្ជង់គំរាម រួចមានគ្នាម្នាក់ទៀត បានលើកម៉ូតូរបស់នាងជិះចេញទៅបាត់អស់  ។
    ក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបានអ្នកដំណើតាមផ្លូវ ជួយដឹកនាងមកដាក់ពាក្យបណ្តឹង នៅប៉ុស្ត៍ិដង្កោ៕

adverise with khmeread