អ្នកជំនាញខាងបង្កើតប្រព័ន្ធភាពស៊ាំ ២ រូប ទទួលបានពានរង្វាន់ណូបែលវេជ្ជសាស្ត្រសម្រាប់ការរកឃើញវិធីថ្មីក្នុងការព្យាបាលជំងឺមហារីក

គណៈវិនិច្ឆ័យរបស់ស្ថាប័នពានរង្វាន់ណូបែលបាននិយាយកាលពីថ្ងៃចន្ទទី១តុលាថា អ្នកជំនាញខាងបង្កើតប្រព័ន្ធភាពស៊ាំ ២ រូប គឺលោក James Allison ជនជាតិអាមេរិក និង លោក Tasuku Honjo ជនជាតិជប៉ុនបានឈ្នះរង្វាន់ណូបែលវេជ្ជសាស្ត្រឆ្នាំ ២០១៨ សម្រាប់ការស្រាវជ្រាវអំពីរបៀបដែលប្រព័ន្ធភាពស៊ាំធម្មជាតិរបស់រាងកាយអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។

ខុសពីទម្រង់នៃការព្យាបាលជំងឺមហារីកបែបប្រពៃណីដែលផ្តោតគោលដៅដោយផ្ទាល់ទៅលើកោសិកាមហារីក ដែលជារឿយៗនាំឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះ លោក Allison  និងលោក Honjo បានរកឃើញវិធីជួយឱ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយអ្នកជំងឺលៃលកដោះស្រាយជាមួយនឹងជំងឺមហារីកបានយ៉ាងលឿន។

ការរកឃើញដែលទទួលបានពានរង្វាន់នេះបាននាំឱ្យមានការព្យាបាល ដែលផ្តោតគោលដៅទៅលើប្រូតេអ៊ីនដែលផលិតដោយកោសិកាប្រព័ន្ធភាពស៊ាំរបស់រាងកាយមួយចំនួន ដែលដើរតួនាទីជា "ហ្វ្រាំង" នៅលើប្រព័ន្ធភាពស៊ាំធម្មជាតិរបស់រាងកាយ ដែលសម្លាប់កោសិកាមហារីក។

អង្គសន្និបាតពានរង្វាន់ណូបែលនៅរដ្ឋធានីស្តុកខុល (ស៊ុយអែត) បាននិយាយថា វិធីព្យាបាលនេះ "ឥឡូវបានធ្វើឱ្យមានការផ្លាស់ប្តូរអំពីការព្យាបាលជំងឺមហារីក និងបានផ្លាស់ប្តូរវិធីដែលយើងយល់ឃើញថាតើជំងឺមហារីកអាចគ្រប់គ្រងបានដោយរបៀបណា"។

ក្នុងឆ្នាំ ១៩៩៥ លោក Allison គឺជាអ្នកវិទ្យាសាស្ត្រម្នាក់ក្នុងចំណោមអ្នកវិទ្យាសាស្ត្រ២នាក់ដែលបានរកឃើញម៉ូលេគុល CTLA-4 ដែលដើរតួជាសរសៃប្រសាទសម្រាប់ទទួលមួយនៅលើ T-cell ដែលជាកោសិកាឈាមសដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធភាពស៊ាំធម្មជាតិរបស់រាងកាយ។

គណៈវិនិច្ឆ័យបាននិយាយថា លោក Allison អាយុ ៧០ ឆ្នាំ "បានដឹងពីសក្តានុពលនៃការបញ្ចេញហ្វ្រាំងនេះ ហើយដោយហេតុនេះបានជួយឱ្យកោសិកាភាពស៊ាំរបស់យើងចេញទៅវាយប្រហារដុំសាច់មហារីក"។

នៅអំឡុងពេលដំណាលគ្នានោះ លោក Honjo បានរកឃើញប្រូតេអ៊ីននៅលើកោសិកាប្រព័ន្ធភាពស៊ាំមួយឈ្មោះ PD-1 ហើយនៅទីបំផុតបានដឹងថាវាក៏ដើរតួជាហ្វ្រាំងដែរ ប៉ុន្តែដំណើរការតាមវិធីផ្សេងគ្នា៕ 

adverise with khmeread