បើអ៊ីចឹងមែនរលាយផែនដីហើយ! សាស្ត្រាចារ្យម្នាក់ព្រមានថា ផែនដីអាចរួមតូចនៅសល់ត្រឹមប្រវែង ១០០ ម៉ែត្រ ប្រសិនបើឧបករណ៍បង្កើនល្បឿនភាគល្អិតសាកល្បងខុសបច្ចេកទេសនៅទីអវកាស

សាស្រ្តាចារ្យ Lord Martin Rees បានបង្ហាញពី "សេណារីយ៉ូករណីដ៏អាក្រក់បំផុត" សម្រាប់ឧបករណ៍បង្កើនល្បឿនភាគល្អិត ហើយបើហ៊ានតែថ្លោះធ្លោយ វាអាចនឹងបណ្តាលឱ្យផែនដីវិនាសក៏ថាបាន។

គាត់បានព្រមានថា ប្រសិនបើសាកល្បងខុសបច្ចេកទេស ឧបករណ៍ទាំងនោះអាចបណ្តាលឱ្យកកើតប្រហោងខ្មៅ (Black Hole) ឬផែនដីនឹងត្រូវប្រែក្លាយទៅជា "ដែនដីរួមតូចបំផុតមួយ" ដែលមានប្រវែងត្រឹម ១០០ ម៉ែត្រប៉ុណ្ណោះ ប្រហាក់ប្រហែលនឹងប្រវែងតារាងបាល់ទាត់ ២។

ឧបករណ៍បង្កើនល្បឿនភាគល្អិតដូចជា Large Hadron Collider នេះ អាចបាញ់ភាគល្អិតក្នុងល្បឿនលឿនមិនគួរឱ្យជឿ បំបែកពួកវា និង ធ្វើឱ្យវាក្លាយជាធូលីភាយពេញសុញ្ញអាកាស។

លោក Rees បាននិយាយក្នុងសៀវភៅថ្មីរបស់គាត់ដែលមានចំណងជើងថា "អនាគតកាល: ទស្សនវិស័យសម្រាប់មនុស្សជាតិ" ។

លោកបានសរសេរថា "ប្រហែលជាប្រហោងខ្មៅអាចកកើតជារូបរាង ហើយបន្ទាប់មកបឺតអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនវា" ។ នេះបើយោងតាមការដកស្រង់របស់វេបសាយ Telegraph ។

ក្នុងសៀវភៅនោះសរសេរទៀតថា "លទ្ធភាពគួរឱ្យខ្លាចលើកទី ២ គឺថាភាគល្អិត Quarks នឹងប្រមូលផ្តុំខ្លួនពួកវាទៅជាវត្ថុហាប់ណែនមួយ ដែលគេហៅថា Strangelets។ នៅក្នុងខ្លួនវាផ្ទាល់នឹងមិនមានគ្រោះថ្នាក់ទេ" ។

ទោះជាយ៉ាងណាក៏ដោយនៅក្រោមសម្មតិកម្មមួយចំនួន Strangelets មួយអាចបំលែងអ្វីៗផ្សេងទៀតដែលវាជួបប្រទះទៅជាទម្រង់ថ្មី ហើយផ្លាស់ប្តូរផែនដីទាំងមូលទៅជាដែនដីរួមតូចបំផុតមួយ ដែលមានប្រវែងប្រហែល ១០០ ម៉ែត្រប៉ុណ្ណោះ៕

 

ប្រភព៖ បរទេស

adverise with khmeread