តារាស្រី Fan Bing Bing នឹងត្រូវបង់ប្រាក់ពិន័យលើប្រាក់ពន្ធរាប់លានយ័ន

        មាន​សេចក្តីរាយការណ៍​នៅ​ថ្ងៃពុធនេះថា តារា​ស្រីចិនដ៏ល្បី Fan Bingbing ដែល​បាត់មុខ​ពីវិស័យសិល្បៈយ៉ាងអាថ៌កំបាំង​​នោះនឹង​ត្រូវ​ពិន័យ​ប្រាក់​ច្រើន​សន្ធឹកសន្ធាប់ ដោយ​សារ​គេចមិនព្រមបង់ពន្ធ។​

        នាយកដ្ឋាន​ពន្ធដា​របស់រដ្ឋនៅ​ប្រទេស​ចិន​បាន​ប្រកាស​ឲ្យ​ដឹងថា Fan នឹង​ត្រូវ​សងប្រាក់​រាប់លាន​យ័ន​ដែល​ខកខានមិនបានបង់​ក្នុង​ឆ្នាំ​កន្លងមកនិង​ប្រាក់ពិន័យ​ផងដែរ បន្ទាប់ពី​ការស៊ើប​អង្កេត។​

       Fan គឺ​ជា​តារាស្រីដែល​មានប្រាក់ឈ្នួល​ខ្ពស់បំផុត​របស់ចិន​និង​ជា​តារាស្រី​ក្នុងភាព​យន្ត​ល្បីដូចជា​រឿង “​X-Men: Days of Future Past”​ និង​រឿង “​Iron-Man 3”​ បាន​បាត់មុខពី​ក្រសែភ្នែក​របស់សាធារណជន​កាល​ពីខែមិថុនា​ បន្ទាប់ពី​នាងត្រូវ​បានតារាល្បី​ម្នាក់ទៀត​​ចោទប្រកាន់​ថា គេចមិនព្រមបង់ពន្ធ។​

        អ្នកធ្វើអត្ថាធិប្បាយ​​ម្នាក់បាន​បង្ហោះ​សំណៅ​កិច្ច​សន្យា​តាមបណ្តាញសង្គម​ ហើយកិច្ចសន្យា​នេះ​ទាក់ទិននឹងការសម្តែង​របស់​ Fan Bingbing ក្នុងរឿង “​Cell Phone 2” ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន Huayi Brothers ដែលនឹង​ចេញផ្សាយ​នាពេល​ខាងមុខនេះ។ កិច្ច​សន្យា​ដែលគេហៅថា Yin និង Yang មាន​ចំនួន​ទឹកប្រាក់​ខុសពី​ទំហំទឹកប្រាក់ដែល​នាង​ប្រកាស​ជាមួយ​អាជ្ញាធរពន្ធ។ Fan Bingbing និង​ក្រុមហ៊ុន​ផលិតកម្ម​បានបដិសេធ​ការចោទប្រកាន់នេះ។

        យោងតាម​ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បាន​ឲ្យ​ដឹងថា ទំហំទឹកប្រាក់​ដែល Fan Bingbing ត្រូវ​សង​អាចមាន​ចំនួន​ ៤៧៩លានយ័ន គឺប្រហែល​៧០លានដុល្លារ។ ទោះបីជា​យ៉ាងណា ប្រសិនបើនាងសងទាំង​អស់​ នាង​ប្រហែលជា​អាចគេចផុត​ពី​ការចោទប្រកាន់បទព្រហ្មទណ្ឌ។

        យោងតាមការស៊ើបអង្កេត​ធ្វើឡើង​ដោយ​នាយកដ្ឋាន​ពន្ធដា​រដ្ឋរបស់ប្រទេសចិន​និង​អាជ្ញាធរពន្ធ​នៅខេត្ត Jiangsu ទីដែល​ក្រុមហ៊ុន​របស់ Fan ចុះបញ្ជី​នោះ Fan Bingbing ទទួលបាន​ប្រាក់​៤,៤លានដុល្លារ (៣០​លានយ័ន) សម្រាប់​តួអង្គរបស់នាង​ក្នុងរឿង “Unbreakable Spirit” ជា​ភាព​យន្ត​សង្គ្រាម​ដែលចូល​រួម​ស ម្តែង​ដោយ​តារាភាពយន្ត Bruce Willis ផងដែរនោះ។

ក្នុងចំណោមទឹកប្រាក់នេះ មាន​តែ​១,៤៦លានដុល្លារប៉ុណ្ណោះ​ (១០លានយ័ន) ដែលត្រូវ​បាន​ប្រកាសជា​ចំណូលជាប់ពន្ធ៕

adverise with khmeread