កិច្ចព្រមព្រៀងរបស់ Ronaldo ជាមួយក្រុមហ៊ុន Nike ស្ថិតក្នុងភាពមន្ទិល បន្ទាប់ពីមានការចោទប្រកាន់រំលោភផ្លូវភេទ

        Cristiano Ronaldo បាន​ក្លាយជា​តំណាង​របស់​យីហោក្រុមហ៊ុនផលិត​​សម្លៀកបំពាក់កីឡាករ​ដ៏ធំមួយ​ឈ្មោះ​Nike ចាប់តាំង​ពី​ចុះកិច្ច​ព្រមព្រៀងលើក​​ដំបូង​ជា​មួយ​ក្រុម​ហ៊ុន​នេះ​​កាល​ពី​ឆ្នាំ​២០០៣។

        រយៈពេល​១៥​ឆ្នាំ​នេះ Ronaldo បាន​ពាក់​ស្បែកជើង​ជាង៧០​ប្រភេទ​​ដែល​មាន​យីហោ​របស់ក្រុមហ៊ុន​ដ៏ល្បីល្បាញ​មួយ​នេះក្នុង​ដំណើរ​ក្លាយ​ទៅជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ឆ្នើម​ៗ​ក្នុង​ប្រវត្តិនៃវិស័យ​បាល់ទាត់។

        កាល​ពីខែ​វិច្ឆិកាឆ្នាំ​២០១៦  Ronaldo បាន​ចុះកិច្ច​ព្រមព្រៀង​រហូតចប់​អាជីព​ជាមួយ​ក្រុមហ៊ុន Nike ដោយ​ក្លាយ​ជា​អត្តពលិក​ទី​៣​​ដែល​ចុះកិច្ច​ព្រមព្រៀង​បែប​នេះ​​ បន្ទាប់​ពី​កីឡាករ Michael Jordan និង​ LeBron James ។ តម្លៃនៃកិច្ចព្រមព្រៀង​នេះ​ប្រហាក់ប្រហែល​នឹង​កិច្ច​ព្រមព្រៀង​របស់ James ជាមួយ​ស្ថាប័ន​បាល់បោះ NBA ដែរ ដែល​អាចរកចំណូល​ក្នុង​តំបន់​បាន​១ពាន់​លាន​ដុល្លារ​។

        ប៉ុន្តែ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Nike សារភាព​ថា ពួកគេ​មាន​ការ​បារម្ភ​ខ្លាំង​ចំពោះ​ការ​ចោទប្រកាន់​មក​លើ​កីឡាករ​បាល់ទាត់​កំពូល​សញ្ជាតិ​ព័រទុយហ្គាល់រូបនេះ។

        Kathryn Mayorga ជា​គ្រូបង្រៀនវ័យ​៣៤​ឆ្នាំអះអាងថា Ronaldo បាន​រំលោភ​នាង​ក្នុងបន្ទប់ទឹក​នៅសណ្ឋាគារ Palms Hotel and Casino ក្នុងទីក្រុង Las Vegas នៅរំលងអាធ្រាត្រ​កាលពីថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០០៩ ហើយនៅ​ពេល​នេះ​​ប៉ូលិស​នៅ​ទីក្រុងឡាសវេហ្គាស បាន​បើក​ការ​ស៊ើបអង្កេត​ឡើងវិញ។

        រ៉ូណាល់ដូ បាន​បដិសេធការ​ចោទប្រកាន់​ទាំង​នេះដាច់អហង្កា​រ ដោយ​អះ​អាងថា ការរំលោភបំពាន​គឺ “ជា​បទល្មើសអាក្រក់បំផុត​ដែល​ផ្ទុយ​នឹងអ្វីៗ​ទាំង​អស់ដែលខ្ញុំ​ជឿជាក់ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ប៉ុន្មាន​ថ្ងៃថ្មីៗនេះ”។

        កិច្ច​សន្យា​ភាពជាដៃគូ​ដែលមាន​ទឹក​ប្រាក់​​ច្រើនសន្ធឹកសន្ធាប់រវាង Ronaldo និង​ក្រុមហ៊ុន Nike នៅពេលនេះកំពុង​ស្ថិតក្នុង​ភាព​មន្ទិល​៕

adverise with khmeread