លោក Maurizio Sarri តម្រូវឲ្យកីឡាករ Chelsea ត្រឡប់មកហ្វឹកហាត់ភ្លាម បន្ទាប់ពីយកឈ្នះក្រុម Vidid

        ក្រុម​ Chelsea បាន​វិលត្រឡប់ភ្លាមៗ​ទៅកាន់​ទីលាន​ហ្វឹកហាត់​កាលពីថ្ងៃសុក្រ បន្ទាប់ពី​យក​ឈ្នះ​ក្រុម Vidi ទាំង​ប្រផិត​ប្រផើយ​នៅ​ក្របខណ្ឌ Europa Legue នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។​

        ខ្សែប្រយុទ្ធ Alvaro Morata បាន​ជួយ​ឲ្យ​ក្រុម​ឆេលស៊ី​ឈ្នះ​ក្រុម Vidi ១-០ កាល​ពី​យប់ថ្ងៃព្រហស្បតិ៍​ ដើម្បី​ធានា​ថា ពួកគេ​រក្សា​ការ​ចាប់ផ្តើម​ដ៏ល្អ​នៅ​ក្របខណ្ឌ Europa League នៅ​រដូវកាល​នេះ។ ទោះបីជា​យ៉ាងណា លោក Maurizio Sarri មិន​បាន​បណ្តោយឲ្យកម្លាំង​របស់ក្រុម​លោកចុះខ្សោយ​ទេ ខណៈ​ពេល​លោក​ចាប់ផ្តើម​បង្កើន​ល្បឿនហ្វឹកហាត់កីឡាករ​កាលពីថ្ងៃសុក្រនៅទីលាន​ហ្វឹក​ហាត់ Cobham មុន​ការប្រកួត​នៅ​ចុងសប្តាហ៍។

        កីឡាករ​ភាគច្រើនក្នុងក្រុមជម្រើស​របស់ឆេលស៊ី​ដែល​យក​ឈ្នះ​ក្រុម Vidi មិន​បាន​បង្ហាញមុខ​ក្នុងការ​ហ្វឹកហាត់ទេ ប៉ុន្តែកីឡាករ​ដូចជា Cesc Fabregas ដែល​លេងពេញ​៩០នាទី Ross Barkley និង Pedro បាន​ត្រឡប់​ចូល​ហ្វឹក​ហាត់​វិញ។

        ក្រុម​តោខៀវឆេលស៊ីអន្ទះសា​​ចង់ធ្វើ​ឲ្យ​បាន​ល្អ​នៅពេល​ជួប​ប្រកួត​ជា​មួយ​ក្រុម Southampton នៅ​ថ្ងៃអាទិត្យ​ បន្ទាប់ពីពួកគេ​ប្រកួត​ស្មើ​ ១-១ ជាមួយ​ក្រុម Liverpool កាល​ពី​ចុងសប្តាហ៍​មុន៕

adverise with khmeread