កាសែតអង់គ្លេសអះអាងថា លោក Mourinho នឹងត្រូវបណ្តេញចេញចុងសប្តាហ៍នេះ បើទោះជា Man Utd ឈ្នះ Newcastle ក៏ដោយ, រឿងនេះធ្វើឱ្យ Gary Neville ផ្ទុះកំហឹងឈុលដាក់ក្រុមប្រឹក្សាក្លឹប

ប្រភពជាន់ខ្ពស់ក្នុងក្លឹបបិសាចក្រហម Manchester United បានបញ្ជាក់ថា អ្នកចាត់ការទូទៅលោក Jose Mourinho នឹងត្រូវបណ្តេញចេញនៅចុងសប្តាហ៍នេះ ដោយមិនខ្វល់ពីលទ្ធផលជាមួយ Newcastle នៅថ្ងៃសៅរ៍នេះឡើយ។ នេះបើយោងតាមកាសែត Daily Mirror។

ដំណឹងនេះបានធ្វើឱ្យអតីតប្រធានក្រុមបិសាចក្រហម Gary Neville ខឹងសម្បារជាខ្លាំង និងបានបើកការវាយប្រហារទៅលើក្រុមប្រឹក្សាភិបាលរបស់ក្លឹប។ 

អតីតខ្សែការពារអង់គ្លេសរូបនេះបាននិយាយប្រាប់ទូរទស្សន៍ Sky Sports ថា គាត់ "ខឹងខ្លាំងណាស់" ដែលដំណឹងស្តីពីការបណ្តេញលោក Mourinho ត្រូវបានលេចធ្លាយនៅមុនការប្រកាសជាផ្លូវការ។ 

ក្លឹបបិសាចក្រហមមិនបានឆ្លើយតបទៅនឹងសំណួរអំពីរបាយការរបស់កាសែត Daily Mirror ចេញផ្សាយថ្ងៃសៅរ៍នេះទេ។ 

Gary Neville និយាយថា "មានអ្វីមួយស្អុយរលួយដល់ឆ្អឹង" ជាមួយការសម្រេចចិត្តរបស់ក្លឹប។ 

ការបណ្តេញលោក Louis van Gaal និង David Moyes ត្រូវបានរាយការណ៍តាមកាសែតដូចគ្នា នៅមុនការប្រកាសជាផ្លូវការ។ 

Neville បានបន្ថែមថា "មានអ្វីមួយស្អុយរលួយដល់ឆ្អឹងសម្រាប់ការសម្រេចចិត្ត ដែលបានធ្វើឡើង៤ទៅ៥ឆ្នាំចុងក្រោយនេះ"។ 

រូបគេនិយាយទៀតថា "ប្រសិនបើខ្ញុំជាអ្នកដែលជួលមនុស្សនៅពីក្រោមខ្ញុំ ហើយបើគាត់បរាជ័យ ចុងបញ្ចប់ខ្ញុំទេជាអ្នកទទួលខុសត្រូវ។ ទីបំផុត ខ្ញុំនឹងចេញមកឈរទល់មុខរួចនិយាយថា ប្រាប់ទៅចុះ ខ្ញុំមិនល្អគ្រប់គ្រាន់ទេដើម្បីធ្វើការងារនេះ"។ 

ការលេងអន់របស់ Man Utd ជាបញ្ហាមួយទៅហើយ ប៉ុន្តែអ្វីដែលរឹតបន្ថែមបញ្ហាលើនេះទៀតនោះ គឺទំនាក់ទំនងមិនល្អរវាងលោក Mourinho និង ខ្សែបម្រើ Paul Pogba។ 

Neville លើកឡើងថា គេគួរតែអនុញ្ញាតឱ្យលោក Mourinho ទិញខ្សែការពារកណ្តាលម្នាក់កាលពីរដូវក្តៅ មិនថាជាខ្សែការពារ Toby Alderweireld របស់ Spurs ខ្សែការពារ Harry Maguire របស់ Leicester ឬ ខ្សែការពារ Jerome Boateng របស់ Bayern Munich នោះឡើយ។

Neville និយាយថា "តើនរណាគេក្នុងក្លឹបមានសិទ្ធិមកប្រាប់លោក Jose Mourinho ថា Alderweireld ឬ Maguire ឬ Boateng មិនល្អជាងខ្សែការពារដែលពួកគេមាន? ខ្ញុំពិតជាខឹងមែនទែន។ វាមានរយៈពេល៣ឬ៤សប្តាហ៍មកហើយ។ បន្ទប់ផ្លាស់សម្លៀកបំពាក់កំពុងឈានទៅរកអ្វីដែលនឹងកើតឡើងបែបនេះឯង។ រឿងរ៉ាវដែលបានកើតឡើងនេះកំពុងជួយបិទបាំងរឿងពិតពីក្រោយគណៈដឹកនាំរបស់ក្លឹប។ នាំយកការត្រួតត្រាត្រឡប់មកវិញ និង នាំមកនូវមេដឹកនាំក្នុងក្រុមមកវិញទៅគឺចប់រឿងហើយ"៕ 
 

adverise with khmeread