ជក់គ្រឿងញៀនមានចិត្តក្លាហាន លួចម៉ូតូកង់បី ត្រូវអាវុធហត្ថរាជធានីញាត់គុក

ភ្នំពេញ​ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចម៉ូតូកង់បី​ នារសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨។ 

​មន្ត្រីអាវុធហត្ថនិយាយថា ករណីខាងលើនេះកើតឡើងកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០១រំលងអាធ្រាត្រ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បង្កឡើងដោយជនសង្ស័យ ០២ នាក់ បានធ្វើសកម្មភាពលួចម៉ូតូកង់បី ០១គ្រឿង គ្មានស្លាកលេខ ជារបស់ជនរងគ្រោះមានឈ្មោះ ខាន់ វុទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលបានចតទុកនៅមុខនៅមុខផ្ទះជួលរបស់ខ្លួន ហើយបានចាក់សោក យ៉ាងត្រឹមត្រូវដូចសព្វដង ហើយបានចូលទៅដេកជាធម្មតា។ 

​ក្រោយភ្ញាក់ពីដំណេក ជនរងគ្រោះបានចេញទៅមើលម៉ូតូកង់បីរបស់ខ្លួន ដើម្បីយកទៅជួយដឹកសម្ភារៈប្រពន្ធរបស់ខ្លួន ទៅលក់នៅផ្សារច្បារអំពៅ តែមិនឃើញម៉ូតូកង់បីរបស់ខ្លួន ហើយបានដឹងថាត្រូវចោរលួចយកទៅបាត់ ក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ដើម្បឲ្យជួយស្រាវជ្រាវរក។ 

​បន្ទាប់ពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានស្រាវជ្រាវតាមវិធានការជំនាញរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ឈ្មោះ ចាន់ សុធី ហៅវ៉ាង ភេទប្រុស អាយុ ៣១ឆ្នាំ នៅចំណុចភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ​ ហើយបានបន្តសហការណ៍ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ទៀត ជាបក្ខពួកឈ្មោះ គង់ សុថៃ ហៅថៃ ភេទប្រុស អាយុ ១៧ឆ្នាំ នៅចំណុចដីឡូតិ៍មួយកន្លែង ជិតសាលាបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានយកពួកគេទាំង ០២នាក់នេះ មកទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃុំខ្លួនបណ្តោះអាសន្ន រងចាំធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ។

​ក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង ០២នាក់ បានសារភាពឱ្យដឹងដូចគ្នាថា ខ្លួនឈ្មោះ ចាន់ សុធី ហៅវ៉ាង និងឈ្មោះ គង់ សុថៃ ហៅថៃ ពិតជាបានធ្វើសកម្មភាពលួចម៉ូតូកង់បីរបស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ដោយមុនធ្វើសកម្មភាពលួច ពួកខ្លួនបានទៅជក់គ្រឿងញៀន នៅផ្ទះឈ្មោះ ទ្រី ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

​ក្រោយពេលពួកគេជក់គ្រឿងញឿនហើយ បានដើរទៅតំបន់ការ៉ង់ ក៏ឃើញម៉ូតូកង់បី ០១គ្រឿងចតទុកមុខផ្ទះដោយមានចាក់សោក ត្រឹមត្រូវ ហើយពួកខ្លួនបានចូលទៅកាច់សោក ជិះយកទៅលាក់ទុកក្នុងដីឡូតិ៍មួយកន្លែង ជិតសាលាបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់មកឈ្មោះ ចាន់ សុធី បានត្រឡប់ទៅដេកនៅផ្ទះរបស់គេវិញ ចំណែកឈ្មោះ គង់ សុថៃ នៅអង្គុយចាំម៉ូយមកទិញកង់បីនោះ។ លុះដល់ម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថមកឃាត់ពួកខ្លួនតែម្តង៕

adverise with khmeread