ជនឃោរឃៅ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការផ្តន្ទាទោស

​ភ្នំពេញ​ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ម្នាក់ ទៅតុលាការនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ ពីបទវាយបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់គ្រួសារបងប្រុសខ្លួនឯងដែល អំពើនេះកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង០២រំលងអធ្រាត្រ នៅចំណុច ផ្ទះលេខ១៣X ផ្លូវ២៦១ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​។ 

​មន្ត្រីអាវុធហត្ថនិយាយថា ជនឃោរឃៅដែលវីវក់ នឹងគ្រឿងញៀនឈ្មោះ ចាន់ ផាន់ណារ៉ា ភេទប្រុស អាយុ​៣៣ឆ្នាំ បានធ្វើសកម្មភាពយកសាំងមកចាក់ដុតមាត់ទ្វាររបងផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ចាន់ ផាន់ណា ហៅម៉ាប់ ភេទប្រុស អាយុ ៣៦ ដែលជាបងប្រុសបង្កើតរបស់ជនសង្ស័យ បណ្តាលឱ្យឆាបឆេះរូលខ្លោចទ្វារផ្ទះ ផ្អើលដល់អ្នកជិតខាងដែលនៅក្បែរនោះ ចេញមកមើល និងជួយពន្លត់ តែជនសង្ស័យខាងលើបានគេចខ្លួនបាត់ទៅហើយ ក្នុងហេតុការណ៍ឆេះនោះ គឺមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ។   
  
​មូលហេតុបណ្តាលឱ្យរូបគាត់ដុតផ្ទះបងប្រុសរបស់ខ្លួន គឺមកពីសុំលុយគាត់ចាយមិនបាន ហើយរូបគេថែមទាំងបានប្រើពាក្យមិនសមរម្យប្រមាថគំរាមសម្លាប់បងប្រុសរបស់ខ្លួន និងប្រពន្ធ ថែមទាំងគំរាមដុតផ្ទះរបស់ក្រុមគ្រួសារ និងអុកឡុករំខានអ្នកដទៃផងដែរ។ 

​ព្រោះតែមិនអាចទ្រាំនិងទង្វើររបស់ប្អូនប្រុសខ្លួនឯងបាន ទើបជនរងគ្រោះឈ្មោះ ចាន់ ផាន់ណា ហៅម៉ាប់ បានទៅប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ជួយស្រាវជ្រាវឃាត់ខ្លួន ទើបរហូតដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១២ និង១០នាទី រូបគាត់ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបានតែម្តង នៅចំណុចភូមិកូនខ្ចី ផ្លូវ២៧១ស្ទួន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក​។

​តាមការសាកសួររបស់មន្រ្តីជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ជនសង្ស័យឈ្មោះ ចាន់ ផាន់ណារ៉ា ថា កន្លងមករូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន រយៈពេល ០៦ឆ្នាំមកហើយ និងត្រូវបានបងប្រុសខ្លួនយកទៅមណ្ឌលបន្សាបគ្រឿងញៀនឱកាសខ្ញុំ ០៣ដង តែរូបគេមិនរាងចាល នៅតែបន្តប្រើប្រាស់គ្រឿងញៀនបន្តទៀតដដែល។  កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ រូបគេបានទៅសុំលុយបងប្រុសរបស់ខ្លួនចាយ តែគាត់មិនអោយ រូបគេបានខឹង និងបងប្រុសរបស់ខ្លួនក៏បានទិញសាំង ០៣ដប់ទឹកសុទ្ធ ពីផ្សារដើមគរ យកមកចាក់ដុតផ្ទះបងប្រុសរបស់ខ្លួនបណ្តាលឱ្យឆេះទ្វារមុខផ្ទះ និងសំយាបផ្ទះ តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ៕


 

adverise with khmeread