លួចរថយន្តមួយគ្រឿងពីខណ្ឌមានជ័យឃាត់ខ្លួនបាននៅស្រុកកណ្ដាលស្ទឹង

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពប្លន់យករថយន្ត កាមរី (បាឡែន) មួយគ្រឿងចេញពីស្ថិតនៅចំណុចផ្ទះលេខ១៦អឺ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ​ រួចព្យាយាមបើករត់គេចយ៉ាងលឿន ​ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចសហការជាមួយកម្លាំងកងរាជអាវុធហត្ថប្រដេញតាមពីក្រោយ រហូតដល់ស្រុកកណ្ដាលស្ទឹងទើបធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨​។

​ប្រភពព័ត៌មានពីម្ចាស់រថយន្តបានឱ្យដឹងថា​ ដំបូងគាត់បានបើ​ករថយន្តមួយគ្រឿងម៉ាកកាមរី (បាឡែន) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y.8904​។ ខណៈបើកមកដល់ចំណុចផ្ទះលេខ១៦អឺ ម្ចាស់រថយន្តបានបើកទ្វារចុះ រួចយកឥវ៉ាន់ចេញពីគូទរថយន្តដោយមិនទាន់ពន្លត់រថយន្តផង ក៏ស្រាប់តែលេចមុខជនសង្ស័យហក់ចូលទៅក្នុងរថយន្តហើយដាក់លេខរយ៉ែរ រួចបួងចង្កូតចេញបើករត់គេចយ៉ាងលឿនដូចហោះ បណ្ដាលឱ្យម្ចាស់រថយន្តរងរបួសផ្នែកជង្គង់យ៉ាងធ្ងន់ធ្ងរ​។

​ភ្លាមនោះ ទើបសម្ថតកិច្ចរួមទាំងកម្លាំងកងរាជអវុធហត្ថប្រដេញតាមស្ទាក់ពីក្រោយ ចំណែករថយន្តបានបើករត់គេចរហូតដល់ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល លុះមកដល់ចំណុចមុខបន្ទាយកងរាជអាវុធហត្ថ ក៏បណ្ដាលឱ្យជ្រុលចង្កូតទៅបុករបងបន្ទាយកងរាជអាវុធ​ពេញមួយទំហឹងបណ្ដាលឱ្យបាក់របងអស់មួយកង់​។ 

​ចំណែករថយន្តផ្ទុះពោងសុវត្ថិភាពទាំងពីរ រងការខូចខាតស្ទើរទាំងស្រុង កៀបជាប់នឹងដើមឈើទើបទៅមុខលែងរួច ចំណែកជនសង្ស័យត្រូវរងរបួសផ្នែកក្បាលហូរឈាមស្រោចពេញខ្លួន ត្រូវកម្លាំងសម្ថតកិច្ចរួមទាំងកម្លាំងកងរាជអាវុធហត្ថចាប់វាយខ្នោះរួចបញ្ជូនទៅក្នុងបន្ទប់ស្ដាប់ចម្លើយដើម្បីធ្វើការសាកសួរភ្លាមៗ​។

​មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យឈ្មោះ ឈឿន ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ មានប្រពន្ធឈ្មោះ សំ ស្រីពៅ អាយុ៣៣ឆ្នាំ ស្នាក់នៅជាមួយគ្នា។ 

​បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងបន្ទាយកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង រង់ចាំធ្វើលិខិតប្រគល់ជូនទៅអាវុធហត្ថ
ខណ្ឌមានជ័យចាត់ការបន្តតាមនីតិវិធីច្បាប់​៕

adverise with khmeread