កោះកុង ៖ មានករណីប្រើអំពើហិង្សាបង្ករបួសស្នាម កើតឡើង នៅចំណុច ភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល បណ្ដាលឱ្យរងរបួសម្នាក់ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៤ និង១០ នាទីល្ងាច។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ នឹម សុវណ្ណី (ហៅប៊ូ) ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅកន្លែង កើតហេតុខាងលើ រងរបួសត្រង់បបូរមាត់ និងដៃខាងស្តាំ ១ កន្លែង។
រីឯជនបង្កឈ្មោះ យឹម ចាប ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅខាងលើ បច្ចុប្បន្ន កម្លាំងជំនាញបានឃាត់ខ្លួននៅអធិការដ្ឋាន។
ប៉ូលិសបន្តថា មូលហេតុដំបូងជនបង្កបានបោះបង្គោលរបង មកលើដីរបស់ជនរងគ្រោះ ពេលនោះ ជនរងគ្រោះ បានដកបង្គោលរបងនោះចេញ ក៏បង្កឱ្យមានការជេរប្រមាថកើតឡើង រហូតឈានដល់ប្រើអំពើហិង្សា។
ក្រោយពីធ្វើសកម្មភាពរួច ជនរូបនេះបានដើរទៅផ្ទះ ដើម្បីយកកូនពូថៅ មកកាន់ជាប់នឹងដៃ បម្រុងមកធ្វើសកម្មភាពវាយ មកលើជនរងគ្រោះបន្តទៀតក៏ត្រូវបានសមត្តកិច្ច ធ្វើការឃាត់ខ្លួនទាន់ពេល។
ករណីខាងលើនេះ កម្លាំងជំនាញបានបំពេញសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕
